សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម មានបំណងរកឱកាសធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា
18-07-2026 09:01
(ភ្នំពេញ)៖ សមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) បង្ហាញបំណងស្វែងរកឱកាសក្នុងការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកប្រធានសមាគមបានជម្រាបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការទុកចិត្តរបស់វិនិយោគិន និងប្រជាជនចិនទៅលើការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរបស់កម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង ដែលប្រកបដោយថាមវន្ត និងសមត្ថភាព។
លោកប្រធានសមាគម ក៏បានជម្រាបអំពីបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាផែនការរបស់សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល (Digital Economy), ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនេះ សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច (Business Visit) របស់សហគ្រាសចិនមកកាន់កម្ពុជានាពេលខាងមុខផងដែរ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់សមាគម និងក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា និងការចាប់យកដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា វិស័យ SMEs នេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕









