FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា

18-07-2026 08:55

(ភ្នំពេញ)៖ ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) នឹងចាប់ដៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចការងារ​នៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាបានជម្រាបសម្តេចមហាបវរធិបតី អំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយ​ក្រុម​ហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហ​គ្រាស​​ដែល​ផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទ គឺ C919 និង C909។​ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហ​ប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាល​ធន​ធាន​​មនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍​ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែក​ដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០​២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគ​យល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលកិច្ចសហប្រតិ​បត្តិ​ការនេះ​ នឹងរួមចំណែកយ៉ាង​សំខាន់ក្នុង​ការពង្រឹងសមត្ថភាព​វិស័យ​អាកាស​ចរណ៍​​ស៊ីវិល​របស់កម្ពុជា​ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា​,​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​,​ ការ​អភិវឌ្ឍ​ថែទាំ​អាកាស​យានដ្ឋាន​ និង​ការ​គាំទ្រ​បច្ចេកទេស​ ជាពិសេស​ជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ក្នុងពង្រី​ក​ប្រតិបត្តិ​ការ​ បង្កេីន​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លេីក​កម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់។

សម្តេចមហាបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ​ប្រតិ​បត្តិការ​​អាជី​វកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេស​ការចាប់​ដៃគូ​ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ​ កម្ពុជា​ (Air Cambodia)។ សម្តេច​មហាបវរធិបតី បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការ​យុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង​ក្រុម​ហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាព​ធន​ធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍​ស៊ីវិលនៅ​កម្ពុជា​កាន់​តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ ទាំងក្នុងកម្រិតតំបន់ និង​សកលលោក។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការ​ត្រៀម​លក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រប​សម្រួល​កិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយ​របស់​ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ បច្ចុប្បន្នក្រុមហ៊ុន​បាន​ផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី៧៨ ដល់ ៩០​កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅ​អីពី ១៥៨ ដល់ ១៩២កីអី និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះ​ហើរ​បានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាក​ល្បង​ក្នុង​រង្វង់ឆ្នាំ២០៣០៕