FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបង្ហាញគោលបំណង ក្នុងការចូលជាសមាជិកស្ថាបនិក អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (Video inside)

17-07-2026 23:01

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីគោលដៅនៃការបង្កើត អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក និងបង្ហាញអំពីគោលបំណងរបស់កម្ពុជា ដែលចូលជាសមាជិកស្ថាបនិកអង្គការនេះ។

ការលើកឡើងបែបនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចការងារនៅប្រទេសចិន។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចបវរធិបតី ហ៊ុន​ ម៉ាណែត មានចក្ខុវិស័យវែងឆ្ងាយ សម្ដេចមិនចង់ឲ្យកម្ពុជា​ និងប្រជាជនកម្ពុជា គ្រាន់តែជាប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ សម្ដេចចង់ឲ្យកម្ពុជា ចូលរួមពីពេលនេះតទៅ ក្នុងការកំណត់អនាគតរបស់ AI»។

បន្ថែមពីនោះទៀត លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានលើកឡើងថា ការដែលកម្ពុជា ចូលជាសមាជិកស្ថាបនិក អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គីចង់ឲ្យយុវជនកម្ពុជា ទទួលបានផលប្រយោជន៍ពេញលេញពីបញ្ញាសិប្បនិម្មិត (AI)។

សូមជម្រាបថា​ អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គឺជាអង្គការថ្មីមួយ ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាប្រយោជន៍ដល់ប្រជាជនគ្រប់ប្រទេស និងតំបន់។

ការបង្កើតអង្គការនេះ ត្រូវបានលើកឡើងក្នុងសន្និសីទកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងគ្យុងជូ ប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការបង្កើត WAICO នេះ ដោយមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំណាង។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានការចូលរួមពីប្រទេសចំនួន ២៩ និងតំណាងអង្គការអន្តរជាតិនានា។

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference – WAIC) ក៏បានបើកជាផ្លូវការនៅទីក្រុងសៀងហៃ ក្រោមអធិបតីភាពរបស់លោក ស៊ី ជិនពីង។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស និងមេដឹកនាំប្រទេសដទៃទៀតផងដែរ៕