លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បង្ហាញលទ្ធផលជាក់ស្ដែងនៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន (Video inside)
17-07-2026 22:48
(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពេលនេះ ក្រៅពីការបន្តពង្រឹងយ៉ាងសកម្ម រវាងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា- ចិន ហើយនោះ សម្តេចក៏បានឆ្លៀតទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសចិនជាច្រើនរូប ដើម្បីបើកឱកាសថ្មី និងសក្ដានុពលថ្មីសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងដូចនេះនៅក្នុងសន្និសីទសារព័ត៍មាននាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាលប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ផងដែរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងបញ្ជាក់ថា «ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅចិន ជាទស្សនកិច្ចមួយសំខាន់ដែលប្រព្រឹត្តិទៅតែជាង ២សប្តាហ៍ប៉ុណ្ណោះ ក្រោយទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន [..] ទស្សនកិច្ចនេះជាវេលាមួយដែលកម្ពុជា-ចិន ប្តេជ្ញាចិត្តជាមួយគ្នាជាថ្មី ក្នុងការបន្តពង្រឹងយ៉ាងសកម្មនូវទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងគ្នា ហើយនេះជាដំណឹងល្អ ពីព្រោះទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ មានន័យថា ចិននៅតែបន្តជួយចូលរួមចំណែកយ៉ាងសកម្មក្នុងអភិក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្ថែមថា មកទល់ពេលនេះ ចិនផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងច្រើនដល់កម្ពុជា ហើយចិនក៏បានដើរតួនាទីសំខាន់ណាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងជាដៃគូវិនិយោគធំជាងគេបំផុតរបស់កម្ពុជា, វិនិយោគរបស់ចិននៅកម្ពុជាបង្កើតបានជារោងចក្រសហគ្រាស និងបង្កើតបានជាការងារសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ផងដែរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនៅចិនរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត សម្តេចបានឆ្លៀតទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសចិនជិត ២០រូប ដែលសុទ្ធសឹងជាក្រុមហ៊ុនឈានមុខលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងភ័ស្តុភារកម្ម ហើយជំនួបនេះបានបើកឱកាសថ្មី និងសក្ដានុពលថ្មី សម្រាប់ការវិនិយោគនៅកម្ពុជា និងជួយក្នុងការបង្កើតការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ៕




