FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងអំពីការចង់ឃើញប្រទេសទាំងអស់ មានឱកាសស្មើគ្នាការប្រើប្រាស់ និងទាញប្រយោជន៍ពី AI (Video inside)

17-07-2026 22:42

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រទេសទាំងអស់នៅលើពិភពលោក ទទួលបានឱកាសស្មើគ្នាក្នុងការប្រើប្រាស់ និងទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) ដោយមិនប្រកាន់ថា ជាប្រទេសតូច ឬធំ អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះ កម្ពុជា បានចុះហត្ថលេខាចូលជាសមាជិកស្ថាបនិក អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (World AI Cooperation Organization) ផងដែរ។

ការលើកឡើងនេះ ត្រូវបានបញ្ជាក់ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចការងារនៅទីក្រុងសៀងហៃ ប្រទេសចិន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference 2026) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលបើកចំហ ប្រកបដោយបរិយាបន្ន សមធម៌ និងផ្អែកលើកិច្ចសហប្រតិបត្តិការពហុភាគី។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងយ៉ាងដូច្នេះថា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ឃើញប្រទេសទាំងអស់នៅលើពិភពលោក មិនថាតូចឬធំ អភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍន៍ ត្រូវតែមានឱកាសស្មើគ្នា ក្នុងការទទួលបាននូវការប្រើប្រាស់ AI និងទាញបានប្រយោជន៍ពីការប្រើប្រាស់ AI»

ទន្ទឹមនឹងនេះ សម្ដេចបានអំពាវនាវឲ្យប្រទេសចិន និងដៃគូពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់លើអាទិភាពរួមចំនួន៣ រួមមាន៖ ទី១៖ បន្ថយគម្លាតឌីជីថល (Digital Divide), ទី២៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងទី៣៖ កសាងក្របខណ្ឌអភិបាលកិច្ច AI ដែលមានភាពបត់បែន ទទួលខុសត្រូវខ្ពស់ និងទទួលបានទំនុកចិត្តពីសាធារណជន។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា ក្នុងអំឡុងទស្សនកិច្ចនេះ កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិកស្ថាបនិក អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដោយបង្ហាញពីការប្ដេជ្ញាចិត្តរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការធ្វើឲ្យ AI ក្លាយជាកម្លាំងជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ៕