លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ ចិន ប្រកាសបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត (Video inside)
17-07-2026 22:35
(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន, លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថាចិន ប្រកាសបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។
យោងតាមប្រសាសន៍ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ក្នុងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន បានស្ដែងចេញនូវលទ្ធផលជាផ្លែផ្កាមួយចំនួន ដូចខាងក្រោម៖
*កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគ្នានិងគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
*កម្ពុជា-ចិន ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងគ្នាឱ្យបានរឹងមាំថែមទៀត ដោយពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបន្តអនុវត្តជាក់ស្ដែងនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី
*ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ថាជាអាទិភាពនៃការទូតរបស់ចិន រីឯកម្ពុជា បន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលនយោបាយចិនតែមួយ
*កម្ពុជា-ចិន ប្ដេជ្ញាបន្តធ្វើជាមួយគ្នានូវកិច្ចការមួយចំនួនគ្រប់កម្រិត ពិសេសក្នុងក្របខណ្ឌរដ្ឋាភិបាល ដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយឱ្យកាន់តែរឹងមាំថែមទៀត
*កម្ពុជា-ចិន ប្រកាសរួមគ្នាតម្លើងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ពោលគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរវាងប្រទេសទាំងពីរ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ ដោយបន្ថែមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីសន្តិសុខជាតិចិន
*កម្ពុជា ប្ដេជ្ញាថានឹងបន្តសហការជាមួយភាគីចិនក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនទំនុករវាងប្រជាជាតិទាំងពីរ
*ចិន គាំទ្រនិងជំរុញការកសាងព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានរួចមកហើយ
*ចិន បន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តួយ៉ាងស្ពាន ផ្លូវ រួមទាំងគម្រោងផ្លូវដែកស្របតាមតម្រូវការជាក់ស្ដែងរបស់កម្ពុជា
*ចិន គាំទ្រសំណើរបស់កម្ពុជា ក្នុងការបង្កើនទីផ្សារនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន។
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ទស្សនកិច្ចការងារនេះ បានគូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕




