FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រកាសចូលកាន់តំណែងលោក អ៊ុំ សំអឿន ជាអភិបាលស្រុកភ្នំស្រួច

17-07-2026 21:16

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អ៊ុំ សំអឿន អភិបាលស្រុកភ្នំស្រួច។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តជាច្រើនរូប។

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោក អ៊ុំ សំអឿន អភិបាលស្រុកភ្នំស្រួច ទេីបប្រកាសទទួលស្គាល់រួចមក, លោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្រុកភ្នំស្រួច នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។

លោកបណ្ឌិតបន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នា អនុវត្តការងាររដ្ឋបាលស្រុរបស់ខ្លួន ឲ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។

លើសពីនេះ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុក ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការងារក្នុងស្រុក មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកភ្នំស្រួច ឲ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕