អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ក្រុមក្មេងទំនើង ៥នាក់ ដកហូតម៉ូតូ ៤គ្រឿង ករណីបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស
17-07-2026 20:47
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ និងដកហូតម៉ូតូចំនួន ៤គ្រឿង ក្រោយពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៤:៥៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១។ កម្លាំងអាវុធហត្ថប្រចាំមូលដ្ឋានខណ្ឌដង្កោ បានចុះបង្ក្រាបក្រុមយុវជនខាងលើ នៅចំណុចផ្លូវបេតុង ក្នុងបុរីសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថបានឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានដល់សាធារណជន។ ដោយឡែក ម៉ូតូទាំង ៤គ្រឿង ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
