FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

17-07-2026 19:55

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង។

ពិធីនេះបានធ្វើក្រោមអធិបតីភាពលលក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមផែនការដែលបានកំណត់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗ ដែលមន្ទីរសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ការអនុវត្តកម្មវិធីកំណែទម្រង់ ការផលិត និងផ្សព្វផ្សាយព័ត៌មានអភិវឌ្ឍន៍ក្នុងខេត្ត ការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការពង្រឹងកិច្ចសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំលោក ឡុង សេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តស្វាយរៀង ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។

លោកបានជំរុញឱ្យមន្ត្រីទាំងអស់ បន្តពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់លើគុណភាព និងភាពទាន់ពេលវេលានៃការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃវិស័យព័ត៌មាន។

ជាមួយគ្នានេះ លោក ម៉ែន អេង អភិបាលរងខេត្ត បានកោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានសម្រេចបាន និងបានណែនាំឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ សុក្រឹត និងទាន់ហេតុការណ៍ ដើម្បីគាំទ្រការអភិវឌ្ឍខេត្ត និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានឯកភាពលើទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដោយប្តេជ្ញារួមគ្នាអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន៕