សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងអភិវឌ្ឍធនធានមនុស្ស
17-07-2026 19:55
(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group - WEG) បានរៀបចំពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) នៅសាលប្រជុំជាន់ទី៧ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្រោមអធិបតីភាពលោកស្រី បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង លោកស្រីបណ្ឌិត ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងឧកញ៉ា បណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស និងដៃគូសហការជាច្រើនរូប។
កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័នទាំងពីរ តាមរយៈការទទួលស្គាល់ និងផ្ទេរក្រេឌីតសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សារួម ជាពិសេសកម្មវិធីបរិញ្ញាបត្រជំនាញ ការអប់រំកុមារតូច ការរៀបចំសិក្ខាសាលាសម្រាប់សិស្ស-និស្សិត ការផ្តល់ការតម្រង់ទិសអាជីព ព្រមទាំងការផ្តល់អាហារូបករណ៍ និងការលើកទឹកចិត្តលើថ្លៃសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់យុវជនកម្ពុជា។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិសម្រាប់បណ្តុះបណ្តាលមូលធនមនុស្សក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅព្រះរាជាណាចក្រកម្ពុជា៕










