FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក៖ តើសុន្ទរកថារបស់លោក ស៊ី ជីនពីង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំអង្គការសហប្រជាជាតិ លោក António Guterres កំពុងបង្ហាញអនាគត AI របស់ពិភពលោកយ៉ាងដូចម្តេច? (Video inside)

17-07-2026 17:45

(ភ្នំពេញ)៖ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ បានចាប់ផ្តើមនៅថ្ងៃទី១៧កក្កដាឆ្នាំ ២០២៦។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស និងថា្នក់ដឹកនាំប្រទេសពីរ រូបទៀតនៃប្រទេសកាហ្សាក់ស្តាន និង ប្រទេសថៃ បានធ្វើចូលរួមក្នុងការផ្តល់សុន្ទរកថាបើក ក្នុងសន្និសីទបញ្ញាសិប្បនិមិត្តរបស់ពិភពលោកនោះ។ តើសាររបស់មេដឹកនាំទាំងនេះ កំពុងបង្ហាញអ្វីខ្លះ អំពីអនាគតនៃបញ្ញាសិប្បនិម្មិត?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅដូចតទៅ៖

នៅលើវេទិកាបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference – WAIC) 2026 ក្នុងទីក្រុងសៀងហៃ អ្នកដែលឡើងថ្លែងសុន្ទរកថា មិនមែនមានតែអ្នកវិទ្យាសាស្ត្រ ឬនាយកក្រុមហ៊ុនបច្ចេកវិទ្យានោះទេ។ វេទិកានេះ បានប្រមូលផ្តុំមេដឹកនាំនយោបាយ និងមេដឹកនាំអង្គការអន្តរជាតិជាន់ខ្ពស់ រួមមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង, ប្រធានាធិបតីកាហ្សាក់ស្តាន លោក Kassym-Jomart Tokayev, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចាន់វីរ៉ាក់គុល និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres។

វត្តមានរបស់មេដឹកនាំទាំងនេះ បានបង្ហាញថា បញ្ញាសិប្បនិម្មិត (AI) លែងជាប្រធានបទសម្រាប់វិស័យបច្ចេកវិទ្យាតែមួយមុខទៀតហើយ។ វាបានក្លាយជារបៀបវារៈយុទ្ធសាស្ត្ររបស់ពិភពលោក ដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងសេដ្ឋកិច្ច សន្តិសុខ អភិបាលកិច្ច និងអនាគតរបស់មនុស្សជាតិ។

ប៉ុន្តែ អ្វីដែលមានសារៈសំខាន់ជាងវត្តមានរបស់មេដឹកនាំទាំងនេះ គឺ សារដែលពួកគេចង់ផ្ញើទៅកាន់ពិភពលោក។

បើទោះបីសុន្ទរកថារបស់លោក ស៊ី ជីនពីង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក António Guterres មានការផ្តោតលើប្រធានបទខុសៗគ្នាក៏ពិតមែន ប៉ុន្តែបើពិនិត្យរួមគ្នា វាបានបង្ហាញពីចក្ខុវិស័យបី ដែលអាចបំពេញគ្នាទៅវិញទៅមក៖ ចក្ខុវិស័យរបស់មហាអំណាចបច្ចេកវិទ្យា, ចក្ខុវិស័យរបស់ប្រទេសកំពុងអភិវឌ្ឍ និងចក្ខុវិស័យរបស់ស្ថាប័នពហុភាគីសកល។

ដើម្បីយល់អំពីអនាគតនៃ AI យើងមិនគួរមើលត្រឹមថា អ្នកណាអាចអភិវឌ្ឍបច្ចេកវិទ្យាបានលឿនជាងគេ នោះទេ។ សំណួរសំខាន់ជាងនេះ គឺ អ្នកណាកំពុងកំណត់ទិសដៅនៃការប្រើប្រាស់ ការគ្រប់គ្រង និងច្បាប់សម្រាប់បច្ចេកវិទ្យាដែលអាចផ្លាស់ប្តូរពិភពលោកនេះ។

*ចក្ខុវិស័យរបស់ចិន៖ AI ត្រូវការកិច្ចសហប្រតិបត្តិការ មិនមែនការផ្តាច់មុខ
ថ្លែងនៅក្នុងសុន្ទរកថាបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក WAIC 2026 លោក ស៊ី ជីន ពីង បានដាក់ចេញនូវចក្ខុវិស័យរបស់ចិនចំពោះអនាគតបញ្ញាសិប្បនិម្មិត។ ថ្លែងជាភាសាចិន និងមានការបកប្រែជាភាសាអង់គ្លេស លោកបានមានប្រសាសន៍ថា៖
"AI development should not be a solo performance by a single country, but a symphony of international cooperation."
ដែលមានន័យថា៖ «ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត មិនគួរជាការសម្តែងទោលរបស់ប្រទេសតែមួយទេ ប៉ុន្តែគួរតែជាការសម្តែងរួមគ្នានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»

បន្ទាប់មក លោកប្រធានាធិបតីចិន បានបន្ថែមថា ពិភពលោកគួរតែរួមគ្នា ប្រឆាំងនឹងការពង្រីកគំនិតសន្តិសុខជាតិទៅលើវិស័យ AI និងមិនគួរដាក់សន្តិសុខរបស់ប្រទេសមួយ ឱ្យស្ថិតលើសផលប្រយោជន៍រួមរបស់ប្រទេសដទៃឡើយ។

សារនេះមិនមែនជាការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជំហររបស់ចិន ចំពោះការប្រកួតប្រជែងបច្ចេកវិទ្យាដែលកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិក។

ខណៈដែលប្រទេសលោកខាងលិចមួយចំនួនបានដាក់កំហិតលើការនាំចេញឈីប និងបច្ចេកវិទ្យា AI ទៅកាន់ចិន ដោយលើកហេតុផលសន្តិសុខជាតិ, លោក ស៊ី ជីនពីង បានបង្ហាញទស្សនៈផ្ទុយវិញថា AI គួរតែត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនតាមរយៈការបែងចែកប្លុកបច្ចេកវិទ្យា ឬការផ្តាច់មុខដោយមហាអំណាចណាមួយនោះទេ។

ក្នុងន័យនេះ សុន្ទរកថារបស់លោក ស៊ី ជីនពីង មិនត្រឹមជាសារបើកសន្និសីទ បញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាសពីចក្ខុវិស័យរបស់ចិន សម្រាប់អភិបាលកិច្ច AI សកល ដែលផ្អែកលើកិច្ចសហប្រតិបត្តិការ ការចែករំលែក និងការគ្រប់គ្រងរួម។

*ចក្ខុវិស័យរបស់កម្ពុជា៖ AI ជាឱកាសសម្រាប់ការអភិវឌ្ឍជាតិ
ខណៈដែលមហាអំណាចពិភាក្សាអំពីការដឹកនាំបញ្ញាសិប្បនិម្មិត (AI) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសំណួរមួយផ្សេងទៀត៖ តើប្រទេសកំពុងអភិវឌ្ឍអាចប្រើ AI ដើម្បីជំរុញការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយ៉ាងដូចម្តេច?
"AI is reshaping the economy, public services, security, and competitiveness at an unprecedented speed. The challenge ahead of us is no longer whether AI will transform our future, but how we can ensure that its benefits are realized equitably, responsibly, and sustainably across all nations."

*«AI កំពុងផ្លាស់ប្តូរសេដ្ឋកិច្ច សេវាសាធារណៈ សន្តិសុខ និងការប្រកួតប្រជែងក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ បញ្ហាប្រឈមនៅចំពោះមុខយើង លែងជាថាតើ AI នឹងផ្លាស់ប្តូរអនាគតរបស់យើងឬអត់នោះទេ ប៉ុន្តែជារបៀបដែលយើងអាចធានាថា អត្ថប្រយោជន៍របស់វាត្រូវបានចែករំលែកប្រកបដោយសមធម៌ ទំនួលខុសត្រូវ និងចីរភាព សម្រាប់ប្រទេសទាំងអស់»

សាររបស់សម្តេចមហាបវរធិបតី បានប្តូរចំណុចផ្តោតពី «អ្នកណាជាអ្នកដឹកនាំ AI» ទៅជា «តើធ្វើដូចម្តេចឱ្យប្រទេសទាំងអស់ទទួលបានអត្ថប្រយោជន៍ពី AI»។ នេះជាចំណុចសំខាន់មួយ ដែលប្លែកពីការពិភាក្សារវាងមហាអំណាច ដែលភាគច្រើនផ្តោតលើការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា សមត្ថភាពកុំព្យូទ័រ និងសន្តិសុខជាតិ។

សម្រាប់កម្ពុជា AI មិនត្រូវបានចាត់ទុកថា ជាបច្ចេកវិទ្យាសម្រាប់ប្រកួតប្រជែងជាមួយមហាអំណាចនោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ពន្លឿនការផ្លាស់ប្តូរឌីជីថល កែលម្អការអប់រំ បង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។
សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែចង់ប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែចង់ចូលរួមក្នុងការកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។

"As one of the first signatories to the Agreement on the Establishment of the World Artificial Intelligence Cooperation Organisation, Cambodia stands ready to work shoulder to shoulder with China and all partners in advancing an AI future that is innovative, inclusive, secure and respectful of national sovereignty."

*«ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលចុះហត្ថលេខាដំបូងលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនធ្វើការស្មាគ្រចិត្តជាមួយប្រទេសចិន និងដៃគូទាំងអស់ ដើម្បីជំរុញអនាគត AI ដែលមានភាពច្នៃប្រឌិត បរិយាបន្ន មានសុវត្ថិភាព និងគោរពអធិបតេយ្យភាពជាតិ»

ការលើកឡើងនេះ បង្ហាញថា កម្ពុជាកំពុងដាក់ខ្លួនជាដៃគូសកម្មក្នុងកិច្ចសហប្រតិបត្តិការ AI អន្តរជាតិ មិនមែនគ្រាន់តែជាអ្នកទទួលយកបច្ចេកវិទ្យាប៉ុណ្ណោះទេ។ ជំហរនេះក៏ស្របទៅនឹងសាររបស់លោក ស៊ី ជីនពីង ដែលអំពាវនាវឱ្យ AI អភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាជាងការផ្តាច់មុខដោយប្រទេសណាមួយ។

*ចក្ខុវិស័យរបស់អង្គការសហប្រជាជាតិ៖ AI ត្រូវតែស្ថិតក្រោមអភិបាលកិច្ចសកល
ក្នុងប្រសាសន៍របស់លោក ស៊ី ជីនពីង ផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តោតលើការធានាឱ្យប្រទេសទាំងអស់ទទួលបានអត្ថប្រយោជន៍ពី AI នោះ មេដឹកនាំអង្គការសហប្រជាជាតិ លោក António Guterres បានលើកនូវសំណួរមួយដែលកាន់តែអត្ថន័យជ្រាលជ្រៅជាងនេះ។ លោក បានដាក់សំណួរថា៖ តើពិភពលោកអាចធានាបានយ៉ាងដូចម្តេចថា AI នឹងមិនធ្វើឱ្យវិសមភាពដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើង?

"In short, AI can help usher in a quantum leap across the Sustainable Development Goals. But it won’t happen if the historical injustices of the past are repeated in the technologies of the future. And yet one-third of humanity is still offline."

*«និយាយដោយសង្ខេប AI អាចជួយជំរុញឱ្យមានការរីកចម្រើនដ៏ធំធេងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ប៉ុន្តែ វានឹងមិនអាចកើតឡើងបានទេ ប្រសិនបើភាពអយុត្តិធម៌ពីអតីតកាល ត្រូវបានយកមកបន្តនៅក្នុងបច្ចេកវិទ្យានាពេលអនាគត។ ហើយរហូតមកដល់ពេលនេះ មនុស្សមួយភាគបីនៃពិភពលោក នៅតែមិនទាន់មានការតភ្ជាប់អ៊ីនធឺណិតនៅឡើយ»

លោក Guterres បានព្រមានបន្តទៀតថា ប្រទេសជាច្រើននៅតែប្រឈមមុខនឹងគម្លាតក្នុងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកុំព្យូទ័រ ទិន្នន័យ និងជំនាញបច្ចេកទេស។ ខណៈការវិនិយោគឯកជនរាប់រយពាន់លានដុល្លារ កំពុងហូរចូលទៅក្នុងវិស័យ AI ប្រទេសកំពុងអភិវឌ្ឍជាច្រើនវិញ ទទួលបានធនធានតិចតួចប៉ុណ្ណោះ។

លោកបានព្រមានថា ប្រសិនបើនិន្នាការនេះបន្ត AI អាចនឹងមិនក្លាយជាឧបករណ៍កាត់បន្ថយវិសមភាពនោះទេ ប៉ុន្តែអាចជំរុញឱ្យគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍ កាន់តែរីកធំឡើង ទាំងផ្នែកប្រាក់ចំណូល ឱកាស សន្តិសុខ និងសមត្ថភាពអភិវឌ្ឍ។
ក្នុងន័យនេះ សាររបស់លោក António Guterres បានបន្ថែមផ្នែកសំខាន់មួយទៅក្នុងការពិភាក្សាអំពី AI។ ក្នុងបរិបទនេះ ប្រសិនបើចិនកំពុងជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយកម្ពុជាកំពុងលើកឡើងពី ការចែករំលែកអត្ថប្រយោជន៍ដោយសមធម៌, ចំណែក មេដឹកនាំអង្គការសហប្រជាជាតិវិញ កំពុងអំពាវនាវឱ្យមាន អភិបាលកិច្ចសកល ដែលអាចធានាថា AI នឹងមិនក្លាយជាប្រភពនៃវិសមភាពថ្មីរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។

*តើសាររបស់មេដឹកនាំទាំងបី បំពេញគ្នាដូចម្តេច?
បើពិនិត្យសុន្ទរកថារបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក António Guterres ជាមួយគ្នា គេនឹងឃើញថា ថ្នាក់ដឹកនាំទាំងបី មិនបាននិយាយរឿងដូចគ្នាទាំងស្រុងនោះទេ។ ប៉ុន្តែ កំពុងឆ្លើយសំណួរធំតែមួយដូចគ្នាគឺ៖ តើពិភពលោកគួររស់នៅជាមួយបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

ភាពខុសគ្នានោះ គឺមេដឹកនាំនីមួយៗ បានលើកពីមុំទស្សនៈផ្សេងៗគ្នាក្នុងការជួយបំពេញ ឱ្យគ្នាទៅវិញទៅមក។

លោក ស៊ី ជីនពីង ក្នុងនាមជាមេដឹកនាំប្រទេស ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាមហាអំណាច AI បានផ្តោតលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រឆាំងនឹងការផ្តាច់មុខបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេដឹកនាំប្រទេសកំពុងអភិវឌ្ឍ បានផ្តោតលើ ការធានាថា AI នឹងក្លាយជាឧបករណ៍សម្រាប់ការអភិវឌ្ឍមនុស្ស សេដ្ឋកិច្ច និងការចែករំលែកអត្ថប្រយោជន៍ដោយសមធម៌។
រីឯលោក António Guterres ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្តោតលើ អភិបាលកិច្ចសកល សីលធម៌ និងការការពារមិនឱ្យ AI បង្កើតវិសមភាពថ្មីរវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍ។

បើមើលតាមមុំវិភាគ សុន្ទរកថាទាំងបី មិនមែនប្រកួតប្រជែងគ្នាទេ ប៉ុន្តែបំពេញគ្នាទៅវិញទៅមក។ ចក្ខុវិស័យរបស់ចិន និយាយអំពី របៀបអភិវឌ្ឍ AI។ ចក្ខុវិស័យរបស់កម្ពុជា និយាយអំពី របៀបប្រើ AI ដើម្បីអភិវឌ្ឍមនុស្ស។ ចំណែកអង្គការសហប្រជាជាតិ និយាយអំពី របៀបគ្រប់គ្រង AI ដើម្បីធានាថាវាបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិ។

ប្រសិនបើចក្ខុវិស័យទាំងបីនេះ អាចដើរទៅជាមួយគ្នាបាន នោះ AI នឹងមិនត្រឹមតែជាបច្ចេកវិទ្យាដ៏មានអំណាចប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍដែលមានទាំង ការច្នៃប្រឌិត សមធម៌ សុវត្ថិភាព និងការទទួលខុសត្រូវ។

សេចក្តីសន្និដ្ឋាន៖
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាពិព័រណ៍បង្ហាញបច្ចេកវិទ្យាចុងក្រោយរបស់ចិនប៉ុណ្ណោះទេ។ វាបានក្លាយជាវេទិកាដែលមេដឹកនាំនយោបាយ អង្គការអន្តរជាតិ និងប្រទេសកំពុងអភិវឌ្ឍ រួមគ្នាឆ្លើយសំណួរសំខាន់បីសម្រាប់អនាគត AI គឺ៖ អ្នកណាគួរដឹកនាំការអភិវឌ្ឍ AI? អ្នកណាគួរទទួលបានអត្ថប្រយោជន៍ពី AI? ហើយតើ AI គួរត្រូវបានគ្រប់គ្រងដោយរបៀបណា?

ផ្អែកលើការវិភាគសុន្ទរកថារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អាចសន្និដ្ឋានបានថា អនាគតនៃបញ្ញាសិប្បនិម្មិត នឹងមិនត្រូវបានកំណត់ដោយការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែដោយសមត្ថភាពរបស់សហគមន៍អន្តរជាតិ ក្នុងការធ្វើឱ្យការច្នៃប្រឌិត ការអភិវឌ្ឍ និងអភិបាលកិច្ច AI ដើរទន្ទឹមគ្នា។

មេរៀនដ៏សំខាន់ពីសន្និសីទនេះ គឺថា កម្លាំងពិតរបស់ AI នឹងមិនត្រូវវាស់ត្រឹមថា ប្រទេសណាអាចបង្កើតម៉ូដែលឆ្លាតវៃជាងគេ ឬមានថាមពលកុំព្យូទ័រខ្លាំងជាងគេនោះទេ។ ផ្ទុយទៅវិញ វានឹងត្រូវវាស់ដោយសមត្ថភាពរបស់ពិភពលោក ក្នុងការធ្វើឱ្យបច្ចេកវិទ្យាដ៏មានអំណាចនេះ ក្លាយជាឧបករណ៍សម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងវិបុលភាពរួមរបស់មនុស្សជាតិ៕