មន្ទីរព័ត៌មានខេត្តកែប បន្តយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពង្រឹងការយល់ដឹង ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង នៅស្រុកដំណាក់ចង្អើរ
17-07-2026 16:20
(កែប)៖ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយការទទួលខុសត្រូវ មន្ទីរព័ត៌មានខេត្តកែប បានបន្តរៀបចំ យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប និងខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោក សុខ រស់ អភិបាលរងខេត្ត តំណាង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោក រស់ ឧត្ដុង្គ ប្រធានមន្ទីរព័ត៌មាន តំណាងរដ្ឋបាលស្រុកដំណាក់ចង្អេីរ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៩០០នាក់។
ក្នុងឱកាសនោះ លោក សុខ រស់ អភិបាលរងខេត្តកែប បានលើកឡើងថា យុវជនគឺជាទំពាំងស្នងឫស្សី និងជាកម្លាំងសំខាន់ក្នុងសង្គមឌីជីថល នៅពេលប្រព័ន្ធព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម កំពុងរីកចម្រើន យុវជនត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងមិនត្រូវចែករំលែកព័ត៌មាន ដែលមិនទាន់បានផ្ទៀងផ្ទាតនោះទេ។
លោកអភិបាលរង ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យយកចំណេះដឹង ដែលទទួលបានពីយុទ្ធនាការនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងកសាងសង្គមព័ត៌មាន ដែលមានគុណភាព អាចជឿទុកចិត្តបាន។
លោក សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គម បានធ្វើឱ្យការទទួល និងចែករំលែកព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការរីករាលដាលនៃព័ត៌មានក្លែងក្លាយជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់បុគ្គល និងសង្គម ប្រសិនបើអ្នកប្រើប្រាស់ខ្វះការពិចារណា។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា មនុស្សម្នាក់ៗ អាចក្លាយជាអ្នកផលិត និងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម បានយ៉ាងងាយស្រួល ប៉ុន្តែ Facebook, TikTok និង YouTube មិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការនោះទេ ដូច្នេះ អ្នកប្រើប្រាស់ ត្រូវចេះពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកបន្តទៀតថា ការលើកកម្ពស់អក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល គឺជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះយុវជនឱ្យមានសមត្ថភាពគិត វិភាគ និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីក្លាយជាពលរដ្ឋឌីជីថលដែលមានចំណេះដឹង និងសីលធម៌។
សូមរំលឹកថា យុទ្ធនាការផ្សព្វផ្សាយអប់រំ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ នេះ គឺជាកម្មវិធី ដែលមន្ទីរព័ត៌មានខេត្តកែប ត្រូវបានអនុវត្តជាបន្តបន្ទាប់ នៅតាមវិទ្យាល័យនានា ក្នុងភូមិសាស្ត្រខេត្តកែប ដោយវិទ្យាល័យ ហ៊ុន សែន ចំការដូង គឺជាទីតាំងអនុវត្ត លើកទី២ បន្ទាប់ពីយុទ្ធនាការលើកទី១ បានរៀបចំដោយជោគជ័យនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស មន្ទីរព័ត៌មានខេត្តកែប នឹងបន្តអនុវត្តយុទ្ធនាការនេះ នៅតាមវិទ្យាល័យផ្សេងៗទៀតក្នុងខេត្ត ដើម្បីឱ្យយុវជនកាន់តែមានភាពយល់ដឹង និងសមត្ថភាពក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕




















