FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ រៀបចំ «គ្រួសារខ្ញុំ អាជីវកម្មខ្ញុំ» លើកកម្ពស់សុខុមាលភាពគ្រួសារ និងគាំទ្រសហគ្រិនខ្មែរ

17-07-2026 16:12

(ភ្នំពេញ)៖ ក្នុងបរិបទដែលសង្គមកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការរក្សាតុល្យភាពរវាងជីវិតគ្រួសារ សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍអាជីវកម្ម កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់គ្រួសារជាច្រើន និងសហគ្រិនក្នុងស្រុក។ ដោយមើលឃើញពីតម្រូវការនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI Chbar Ampov) នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ «គ្រួសារខ្ញុំ អាជីវកម្មខ្ញុំ (My Family, My Business)» នៅថ្ងៃទី ១៨–១៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប Chip Mong 271 Mega Mall ដើម្បីបង្កើតវេទិកាមួយដែលភ្ជាប់គ្រួសារ សហគ្រិន និងសហគមន៍ឱ្យកាន់តែរឹងមាំ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើទស្សនវិស័យថា «គ្រួសារដែលរឹងមាំ គឺជាមូលដ្ឋាននៃសហគមន៍ដែលរីកចម្រើន ហើយសហគ្រិនដែលរឹងមាំ គឺជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ»។ ដូច្នេះ គម្រោងនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍សម្រាប់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាចលនាសង្គមដែលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ការចំណាយពេលប្រកបដោយគុណភាពជាមួយគ្រួសារ និងការគាំទ្រផលិតផលរបស់សហគ្រិនខ្មែរ។

ក្នុងរយៈពេលពីរថ្ងៃ ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលសកម្មភាពចម្រុះជាច្រើន រួមមាន ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់សហគ្រិនខ្មែរ វេទិកាពិភាក្សាពីអ្នកជំនាញ កម្មវិធីសមាធិ កម្មវិធីរត់កម្សាន្ត (Fun Run) សកម្មភាពសម្រាប់គ្រួសារ និងកុមារ ព្រមទាំងការចែករំលែកបទពិសោធន៍ពីសហគ្រិនជោគជ័យ។ ចំណុចពិសេសមួយនៃកម្មវិធី គឺវេទិកាពិភាក្សាដែលនាំមកនូវអ្នកជំនាញល្បីៗក្នុងវិស័យសុខភាពផ្លូវចិត្ត ការចិញ្ចឹមកុមារ ការអប់រំ និងការអភិវឌ្ឍអាជីវកម្ម ដើម្បីចែករំលែកចំណេះដឹង និងដំណោះស្រាយជាក់ស្តែងដែលអាចយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ កម្មវិធីសមាធិក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងរកភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងការថែទាំសុខុមាលភាពផ្ទាល់ខ្លួន។

លើសពីនេះ កម្មវិធី Fun Run ដែលជាសកម្មភាពសប្បុរសធម៌របស់គម្រោង នឹងប្រមូលថវិកាពីការលក់សំបុត្រចូលរួម ដើម្បីបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ ក្នុងការគាំទ្រការព្យាបាល និងការថែទាំសុខភាពកុមារកម្ពុជា។ ការចូលរួមរបស់សាធារណជនក្នុងសកម្មភាពនេះ មិនត្រឹមតែជាការវិនិយោគលើសុខភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមបង្កើតអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជាផងដែរ។

ស្របតាមបេសកកម្មរបស់ JCI ក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន គម្រោង «គ្រួសារខ្ញុំ អាជីវកម្មខ្ញុំ» ក៏រួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេស SDG 3 (សុខភាព និងសុខុមាលភាពល្អ), SDG 8 (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច), SDG 11 (សហគមន៍ប្រកបដោយចីរភាព) និង SDG 17 (ភាពជាដៃគូ)៕