FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនចំណេះដឹងផ្នែកព័ត៌មានឌីជីថល និងចែករំលែកបន្តដល់ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជុំវិញខ្លួន

17-07-2026 15:54

(សៀមរាប)៖ លោក កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវបង្កើនចំណេះដឹងផ្នែកព័ត៌មានឌីជីថល និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជុំវិញខ្លួន ដើម្បីឱ្យពួកគេយល់ដឹងពីល្បិចកលនៃព័ត៌មានក្លែងក្លាយ និងចូលរួមការពារសុវត្ថិភាពសហគមន៍ទាំងអស់គ្នា។ ការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន គឺជាកត្តាគន្លឹះក្នុងការកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព និងភាពជឿជាក់ខ្ពស់។

ការថ្លែងយ៉ាងដូច្នេះរបស់លោក កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ របស់មន្ទីរព័ត៌មានខេត្តសៀមរាប គោលដៅទី៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខត្ត ទទួលបន្ទុករួម និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។

លោកបានបន្តថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្ដាញសង្គម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ ប៉ុន្តែវាក៏បានបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរផងដែរ នោះគឺការរីករាលដាលនៃ «ព័ត៌មានក្លែងក្លាយ» ដែលកំពុងគំរាមកំហែងដល់សន្តិសុខសង្គម។

លោកបន្ថែមថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែបំពុលបរិយាកាសសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំ និងបង្កើតភាពវឹកវរទាំងក្នុងកម្រិតគ្រួសារ រហូតដល់សហគមន៍ទាំងមូល។ ក្នុងន័យនេះ យុវជនសម័យថ្មី ត្រូវត្រៀមខ្លួនក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដ៏សកម្ម ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។

ជាមួយនេះ លោក កៅ អ៊ីមរ៉ន បញ្ជាក់ថា ក្នុងន័យដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យមានប្រសិទ្ធភាព សូមឱ្យសាធារណជនទាំងអស់ ត្រូវអនុវត្តគោលការណ៍ «ផ្អាក និងគិត»៖ នៅពេលទទួលបានព័ត៌មានប្លែកៗ កុំជឿភ្លាមៗតាមអារម្មណ៍ ឬការរំជើបរំជួល។

- ត្រូវផ្អាក និងពិចារណាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តចែកចាយបន្ត។
- កុំចែកចាយ (Share) ព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយជាអ្នកចម្លង «មេរោគនៃព័ត៌មានក្លែងក្លាយ» ទៅកាន់អ្នកដទៃ។
- ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះព័ត៌មានដែលហូរចូល និងដាច់ខាតមិនត្រូវចុចលើតំណភ្ជាប់ (Link) ចម្លែក ឬខ្លឹមសារដែលមានភាពទាក់ទាញហួសហេតុ ដើម្បីការពារសុវត្ថិភាពសន្តិសុខទិន្នន័យផ្ទាល់ខ្លួន៕