អាជ្ញាធរខេត្តព្រះសីហនុ ដុតកម្ទេចគ្រឿងញៀន និងសារធាតុគីមីជាង២តោន ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន
17-07-2026 15:35
(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ក្នុងពិធីនេះគ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជាង២តោន ដែលជាវត្ថុតាង នៃបទល្មើសត្រូវបានដុតកម្ទេចចោលជាសាធារណៈ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរីសួស្ដី អភិបាលរងខេត្តព្រះសីហនុ តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានការប្តេជ្ញាចិត្ត និងសារព្រមានដល់ឧក្រិដ្ឋជនការដុតកម្ទេចគ្រឿងញៀននាពេលនេះ មិនត្រឹមតែជាការបំផ្លាញវត្ថុតាង ដែលសមត្ថកិច្ចបង្ក្រាបបានតាមនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជូនសារព្រមានដ៏ខ្លាំងក្លា ទៅកាន់ក្រុមឧក្រិដ្ឋជន និងជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការលុបបំបាត់គ្រឿងញៀន ឲ្យអស់ពីទឹកដីកម្ពុជា។
នាយឧត្តមសេនីយ៍ បានកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសគ្រឿងញៀនធំៗ។ លោកបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងសម័យកាលនេះ ទាមទារឲ្យមានភាពច្នៃប្រឌិតខ្ពស់ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបង្ក្រាប ការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីអនុវត្តច្បាប់ ការបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណជន ការពង្រឹងការងារកែប្រែ និងស្តារនីតិសម្បទាអ្នកញៀនថ្នាំ។
យោងតាមរបាយការណ៍របស់លោក កាន់ វណ្ណា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបង្ហាញពីលទ្ធផលជោគជ័យ នៃការបង្ក្រាបបទល្មើសក្នុងឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ លោក សួស សេរីសួស្ដី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យចូលរួមសហការក្នុងការរារាំង ទប់ស្កាត់ និងឈានទៅលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀនខុសច្បាប់គ្រប់រូបភាព៕





























