លោក ពុយ គា៖ សណ្តាប់ធ្នាប់ពិភពលោកមិនទាន់បាត់បង់ទេ គ្រាន់តែអាជ្ញាកណ្តាលបាត់បង់ឥទ្ធិពល (Video inside)
17-07-2026 15:25
(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកមិនទាន់បាត់បង់នោះទេ គ្រាន់តែអាជ្ញាកណ្តាលសណ្តាប់ធ្នាប់ពិភពលោកបាត់បង់ឥទ្ធិពលច្រើនជាងមុនប៉ុណ្ណោះ។
លោកលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី « តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។
លោក ពុយ គា បានបញ្ជាក់យ៉ាងដូច្នេះ «សណ្តាប់ធ្នាប់ពិភពលោកអត់ទាន់បាត់បង់អីទេ។ ដូចវាគ្មិនខាងដើមលើកឡើងដែរ។ មិនបាត់បង់ដូចយើងឃើញជាក់ស្តែងនៅមានអង្គការសហប្រជាជាតិ IMF (មូលនិធិអន្តរជាតិ) World Bank (ធនាគារពិភពលោក) ICC (តុលាការព្រហ្មទណ្ឌអន្តរជាតិ) ICJ (តុលាការយុត្តិធម៌អន្តរជាតិ) នៅមានដដែល គ្រាន់តែឥទ្ធិពលមិនខ្លាំងដូចមុន»។
បើតាមលោក ពុយ គា គឺលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិរបស់លោក បានធ្វើឲ្យស្ថាប័នដែលជាអាជ្ញាកណ្តាលសណ្តាប់ធ្នាប់ពិភពលោកបាត់បង់ឥទ្ធិពលច្រើន។ អីចឹង គេមិនដឹងថា ក្រោយគាត់ចប់អាណត្តិ នឹងមានអ្វីប្រែប្រួលវិញ ប៉ុន្តែក្នុងនោះ គេឃើញចិនដើរតួនាទីយ៉ាងសំខាន់ និងច្រើនគួរសម នៅក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក។
សណ្តាប់ធ្នាប់ពិភពលោក សំដៅលើប្រព័ន្ធនៃទំនាក់ទំនងអន្តរជាតិ ដែលកំណត់ដោយច្បាប់ ស្ថាប័ន និងតុល្យភាពអំណាចរវាងរដ្ឋនានា។ វាជាក្របខណ្ឌមួយដែលគ្រប់គ្រងអន្តរកម្មសកល រួមមានផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរទៅរក សណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលត្រូវបានកំណត់ដោយការប្រកួតប្រជែងរវាងមហាអំណាច ការលេចឡើងនៃពហុប៉ូល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ សណ្តាប់ធ្នាប់ពីមុនដែលត្រួតត្រាដោយសហរដ្ឋអាមេរិក និងសកលភាវូបនីយកម្ម កំពុងត្រូវបានជំនួសដោយភាពមិនប្រាកដប្រជា និងការបែកបាក់៕


















