FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសចូលកាន់តំណែងលោក ធីម ស៊ាងឡេង ជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក សូម សារិទ្ធ ដែលបានចូលនិវត្តន៍

17-07-2026 15:17

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងលោក ធីម ស៊ាងឡេង ជាអភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជំនួសលោក សូម សារិទ្ធ ដែលបានចូលនិវត្តន៍។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានណែនាំអភិបាលស្រុកថ្មី បន្តជំរុញ និងលើកកម្ពស់ការគ្រប់គ្រងចាត់ចែងការអនុវត្តមុខងារនានា ដែលបានប្រគល់មកឲ្យរដ្ឋបាលស្រុក ជាពិសេសមុខងារវិស័យអប់រំ និងវិស័យផ្សេងៗទៀត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងនីតិវិធី និងស្តង់ដារ សេវាដែលបានកំណត់។

លោកបានបន្ដថា រដ្ឋបាលស្រុក ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្នុងស្រុកព្រែកប្រសព្វ ត្រូវពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព បាត់ ឬខូចជូនដល់ប្រជាពលរដ្ឋ ដើម្បីបំពេញសិទ្ធិ និងទទួលបានសេវាចាំបាច់នានា។ បន្តពង្រឹងការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឲ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវជួយគាំទ្រ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវារដ្ឋបាល ពីរដ្ឋបាលឃុំរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ បន្តការលើកកម្ពស់ដោះស្រាយវិវាទដីធ្លី និងវិវាទក្រៅប្រព័ន្ធតុលាការឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។ រដ្ឋបាលឃុំ ត្រូវពង្រឹងតួអង្គស្នួលចំនួន៥ ឲ្យលើកកម្ពស់ការបម្រើសេវានានាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ១៖ លោកមេឃុំ, ២៖ ស្មៀនឃុំ, ៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, ៤៖ មណ្ឌលសុខភាព និង៥៖ មេភូមិ។

តួអង្គទាំង៥ ខាងលើនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ ខ្លួនក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្ខពួក និងនិន្នាការនយោបាយនោះឡើយ។

ដោយឡែកសម្រាប់ ការដឹកនាំការគ្រប់គ្រង និងរបៀបរបបការងាររបស់រដ្ឋបាលស្រុក ជាគោលការណ៍ ក្រុមប្រឹក្សាមានសិទ្ធិអំណាច និងតួនាទីជាចម្បងក្នុងការរៀបចំ និងអនុម័តនូវ គោលនយោបាយ ការអនុម័តផែនការនានា និងថវិកា និងការតាមដាន ត្រួតពិនិត្យវាយតម្លៃលើការបំពេញ ការងាររបស់គណៈអភិបាល។ ក្នុងតួនាទីនេះ ក្រុមប្រឹក្សាគឺជាតួអង្គមួយខ្ពស់បំផុតនៅក្នុងរដ្ឋបាលស្រុក ដែលបំពេញការងារជាក្រុម ហើយប្រធានក្រុមប្រឹក្សាស្រុកមានតួនាទី គឺជាអ្នកសម្របសម្រួលដឹកនាំអង្គប្រជុំ ឲ្យប្រព្រឹត្តទៅតាមរបៀបវារៈ និងបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សារបស់ខ្លួនដែលបានកំណត់។

ចំណែកគណៈអភិបាលស្រុក ត្រូវចូលរួមរាល់កិច្ចប្រជុំក្រុមប្រឹក្សា និងមានភារកិច្ចផ្តល់យោបល់រាយការណ៍ជូនក្រុមប្រឹក្សា និងជាអ្នកអនុវត្តសេចក្តីសម្រេចក្រុមប្រឹក្សា ទាំងសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិគណៈអភិបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សារបស់ខ្លួនអំពីការអនុវត្តសេចក្តី សម្រេចនានា របស់ក្រុមប្រឹក្សាស្រុក។

លោកអភិបាលខេត្តក្រចេះ ជំរុញឲ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុក ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ ឲ្យបានទាន់ពេលវេលានូវរាល់សកម្មភាព ដែលប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។ ត្រូវជំរុញ និងបំផុលចលនាឲ្យមានការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេស ការយកចិត្តទុកដាក់ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅតាមឃុំនីមួយៗ ដោយត្រូវខិតខំបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ ខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ឲ្យបានសកម្មផល ផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕