FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ២៤ ម៉ោងលើ២៤ម៉ោង រង់ចាំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

17-07-2026 15:19

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋណបាលកំពង់គោ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

បន្ទាប់ពីពិធីសែនព្រេន បួងសួង សុំសេចក្តីសុខសប្បាយ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះ លោកបានដឹកនាំកងកម្លាំងរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានទំហំ១១ ម៉ែត្រ គុ៩,៥០ម៉ែត្រ ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ប្រក់ក្បឿង បែងចែកជា៤បន្ទប់ និងមានបន្ទប់ទឹកដាច់ ដោយឡែកចំនួន១មានលក្ខណៈធំទូលាយ បំពាក់ទៅដោយសម្ភារៈ គ្រឿងបរិក្ខារទំនើបទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្ត្រីបំពេញភារកិច្ច ជាប្រចាំថ្ងៃ ជំនួសអគារចាស់តូចចង្អៀត។

លោកស្នងការ បានផ្តាំផ្ញើដល់កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៖

១៖ រៀបចំផែនការសកម្មភាព សម្រាប់អនុវត្ត តួនាទី ភារកិច្ចជាប្រចាំថ្ងៃ ផ្លាស់ប្តូរវេនប្រចាំការ រង់ចាំផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ និងតាមដានសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងចុះល្បាតតាមគោលដៅងាយរងគ្រោះ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយសហការជាមួយកម្លាំងប្រជាការពារ សំដៅបង្ការ ទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងបទល្មើសគ្រឿងញៀន

២៖ ពង្រឹងការងារគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ឲ្យសកម្មនូវយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

៣៖ តាមដានត្រួតពិនិត្យ ការបំពេញភារកិច្ចរបស់មន្ត្រីជំនាញ ជាប្រចាំថ្ងៃ អនុវត្តការងារតាមឋានានុក្រម សេចក្តីប្រកាស បទបញ្ជាថ្នាក់ដឹកនាំបានចែង ប្រកបដោយស្មារតីសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង

៤៖ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយលើកយកលក្ខណៈសម្បត្តិទាំង៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ ព្រមទាំងទទួលយកមតិរបស់ប្រជាពលរដ្ឋ អំពីបញ្ហាប្រឈម ក្ដីកង្វល់ ធ្វើការដោះស្រាយបានទាន់ពេលវេលា

៥៖ ការអនុវត្តការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ រៀងរាល់ខែដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារ នៅតាមគោលដៅដែលបានកំណត់

៦៖ បន្តពង្រឹងចលនាប្រជាការពារភូមិនីមួយៗ បំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម

៧៖ ធ្វើអនាម័យ លើកកម្ពស់បរិស្ថាន ជុំវិញទីកន្លែងបំពេញភារកិច្ច និងធ្វើពលកម្មសម្អាតជាប្រចាំឲ្យទទួលសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ប្រៀបដូចជាផ្ទះទី ២ របស់បងប្អូនផងដែរ

៨៖ បន្ទាប់ពីសាងសង់អគារនេះរួច ត្រូវគ្រប់គ្រងថែទាំ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕