សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តែងតាំងឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្តេច និងផ្តល់រម្យ៍ងារ
17-07-2026 15:16
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានប្រកាសតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាបញ្ញត្តិគោរម្យ៍ងារ សុវិជ្ជាសុខវោហារមុនីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។ ពិធីប្រកាសនេះបានប្រព្រឹត្តទៅនៅវត្តបទុមធម្មយុត្ត ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អង្គពិធីបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃជាច្រើនអង្គ និងភ្ញៀវកិត្តិយសជាក្រុមគ្រួសារយ៉ាងជាច្រើនរូបទៀតផងដែរ។
ការតែងតាំងនេះ គឺយោងតាមព្រះរាជសង្ឃប្រកាសរបស់គណៈសង្ឃពុទ្ធសាសនារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ធម្មយុត្តិកនិកាយខ្មែរ និងតម្រូវការចាំបាច់របស់គណៈសង្ឃធម្មយុត្តិកនិកាយខ្មែរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ក្នុងព្រះសង្ឃដីកាដ៏មានអត្ថន័យជ្រាលជ្រៅ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានលើកឡើងអំពីគុណបំណាច់ស្នាដៃ និងការលះបង់ដ៏ធំធេងរបស់ លោក ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ដែលកន្លងមកបានរួមចំណែកយ៉ាង សកម្មក្នុងការគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងបានបំពេញសកម្មភាពមនុស្សធម៌ និងសង្គមជាច្រើនប្រកបដោយមនសិការ។
សម្ដេចបានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងបានប្រទានព្រះពរជ័យដល់លោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេច ឱ្យបន្តខិតខំបំពេញតួនាទីប្រកប ដោយភាពជោគជ័យ និងរួមចំណែកអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត។ ពិធីប្រកាសតែងតាំងនេះ ក៏ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ អញ្ជើញប្រោះព្រំប្រសិទ្ធពរជ័យដល់លោក ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងជូនពរឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច។
ក្នុងវេលាដ៏មហោឡារិកនេះ លោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងអ្នកមានគុណ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមគ្រួសារទាំងអស់ សូមឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ប្រាជ្ញាវាងវៃ និងសម្រេចបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ប្រការតរៀងទៅ។
ជាពិសេសក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យសរុបទាំងអស់៤,២៦៨ដុល្លារប្រគេនដល់ព្រះសង្ឃផងដែរ។
ការតែងតាំងលោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ជាឧត្តមទីប្រឹក្សាផ្ទាល់របស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាបញ្ញត្តិគោរម្យ៍ងារ សុវិជ្ជាសុខវោហារមុនីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការទទួលស្គាល់នូវគុណតម្លៃ និងការលះបង់ដ៏ថ្លៃថ្លារបស់លោកក្នុងការបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ ដែលនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើននាពេលអនាគត៕









