លោក សារិន វណ្ណា៖ សេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដី លើការប្រគល់កម្មសិទ្ធិ ផ្ទេរ ឬអំណោយ អាចផ្តល់ជូនសម្រាប់អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេស និងក្រៅប្រទេស បានយ៉ាងងាយ !
17-07-2026 15:11
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញអំពីការផ្តល់សេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ លើការប្រគល់កម្មសិទ្ធី ផ្ទេរ ឬ អំណោយ…ជាដើម សម្រាប់អ្នកជំងឺ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យទាំងក្នុង និងក្រៅប្រទេសបានយ៉ាងងាយ។
ភ្ជាប់ជាមួយសេចក្តីជូនដំណឹង ស្តីពីការបង្កើនប្រសិទ្ធិភាព លើការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងជូនដល់ប្រជាពលរដ្ឋ លើសេវាគាប់ចិត្ត លោក សារិន វណ្ណា បានសរសេរយ៉ាងដូច្នេះថា៖ «ការផ្តល់សេវាគាប់ចិត្តរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ លើការប្រគល់កម្មសិទ្ឋិ ផ្ទេរ ឬ អំណោយ…។ល។ សម្រាប់អ្នកជំងឺកំពុងសម្រាកនិងព្យាបាល នៅផ្ទះ ឬ តាមបណ្តាមន្ទីរពេទ្យ ក្នុងប្រទេស និង ក្រៅប្រទេស តាមលក្ខខណ្ឌដូចខាងក្រោមៈ (ខ្មែរត្រូវចេះជួយខ្មែរ)»។
សេចក្តីជូនដំណឹង របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់អ្នកជំងឺ ដែលចង់បានទទួលសេវាគាប់ចិត្តដូចខាងក្រោម៖
១. ករណីម្ចាស់កម្មសិទ្ធិករមានជម្ងឺ, មានពិការភាព មិនអាចមកទទួលបណ្ណដោយផ្ទាល់ មន្ទីរនឹងចាត់មន្ត្រីចុះឲ្យដល់ គេហដ្ឋានស្នាក់នៅ។
២. ករណីម្ចាស់កម្មសិទ្ធិករសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ហើយមានបំណងចង់ផ្ទេរ ឬអំណោយ មន្ទីរនឹងរៀបចំក្រុមការងារដល់ទីកន្លែង ដើម្បីបំបេញបែបបទជូនតាមសំណើ (ករណីនៅក្នុងប្រទេស)។
៣. ករណីម្ចាស់កម្មសិទ្ធិករសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ មន្ទីរនឹងរៀបចំពង្រាងបែបបទ ជូនតាមរយៈអ្នកតំណាងដោយតម្រូវបន្ថែមនូវការថតជាវីដេអូអមដោយមានសម្លេងភ្ជាប់ (ករណីនៅក្រៅប្រទេស)។
៤. បើម្ចាស់បាត់បង់ការចងចាំ (វិបល្លាស) ត្រូវមានការបញ្ជាក់ពីវេជ្ជបណ្ឌិតជំនាញ ដើម្បីមន្ត្រីសុរិយោដីអាច ពិនិត្យលើលទ្ធភាពជួយសម្រួលនីតិវិធីជូនដូចខាងក្រោមៈ
ក.ការបែងចែកតាមការព្រមព្រៀងពីក្រុមគ្រួសារផ្ទាល់។
ខ. ការបែងចែកតាមច្បាប់កំណត់។
គ.ការបែងចែកមិនព្រមព្រៀងពីក្រុមគ្រួសារផ្ទាល់ ជាសមត្ថកិច្ចរបស់តុលាការ។
ការងារខាងលើនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខៈ ០១៧ ៨៣០ ៨៤០៕



