យុទ្ធនាការ « និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ » បន្តពង្រីកឥទ្ធិពលដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៃអនុ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន
17-07-2026 14:58
(ពោធិ៍សាត់)៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១ពាន់នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។
ពិធីនេះប្រារព្ធឡើងនៅបរិវេណអនុ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងមតិស្វាគមន៍ លោក ញឹក បានខេង បានលើកឡើងថា ក្នុងយុគសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយមានគ្រប់ទម្រង់ និងបង្កហានិភ័យខ្ពស់ដល់សង្គម។ លោកបន្ថែមថា ការយល់ដឹងពីព័ត៌មានពិត ក៏ជាផ្នែកមួយនៃការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ខេត្តឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានគូសបញ្ជាក់ពីសមិទ្ធផលរបស់ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលធ្វើឱ្យខេត្តមានភាពល្បីល្បាញលើវិស័យបរិស្ថានស្អាតគ្មានសំរាម មានសោភ័ណភាពតាមរយៈការបំពាក់បង្គោលភ្លើងសូឡាលើដងផ្លូវជាតិលេខ៥ និងការជំរុញយុទ្ធនាការដាំដើមឈើនៅគ្រប់ក្រុង-ស្រុក ដើម្បីលើកកម្ពស់គម្របព្រៃឈើ និងសោភ័ណភាពខេត្តឱ្យកាន់តែស្រស់បំព្រង។
ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តយ៉ាងលឿនទៅរកសង្គមឌីជីថល ព័ត៌មានក្លែងក្លាយបានក្លាយជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំភាន់ការយល់ឃើញរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទៀតផង។ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មិនមែនគ្រាន់តែជាការអប់រំទូទៅនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធការពារខ្លួនតាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ សិស្សានុសិស្សទាំងអស់ត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មុននឹងសម្រេចចិត្តចែកចាយព័ត៌មានណាមួយ សូមសួរខ្លួនឯងថា៖ តើព័ត៌មាននេះមកពីណា? តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ? ហើយតើវាផ្តល់ផលប្រយោជន៍ ឬផលប៉ះពាល់អ្វីខ្លះដល់សង្គម? ការចេះវិភាគ ត្រិះរិះពិចារណា និងការមិនជឿតាមការល្បួង ឬព័ត៌មានមួលបង្កាច់ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
ក្រសួងព័ត៌មានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នឹងក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានការទទួលខុសត្រូវខ្ពស់ និងជាទូតសុឆន្ទៈក្នុងការនាំយកព័ត៌មានពិតទៅកាន់មិត្តភក្តិ សហគមន៍ និងក្រុមគ្រួសារ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព មានភាពថ្លៃថ្នូរ និងពោរពេញដោយចំណេះដឹងពិតប្រាកដ។
គួរជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ នឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់គ្រឹះស្ថានសិក្សានានាទូទាំងខេត្តពោធិ៍សាត់ ដើម្បីរួមគ្នាបង្កើតសង្គមមួយដែលពោរពេញដោយការយល់ដឹង និងសុវត្ថិភាពក្នុងពិភពឌីជីថល ខណៈដែរវិទ្យាល័យពោធិ៍សាត់, វិទ្យាល័យ ហ៊ុន សែន កណ្តៀង និងអនុ-វិទ្យាល័យព្រះម្លូរ ស្រុកបាកាន ត្រូវបានរៀបចំរួចរាល់៕


















































