ឧត្ដមសេនីយ៍ឯក ហែម សុវត្ថិ និងលោកស្រី នេត ធីតា វិឈុណា រួមជាមួយសប្បុរសជន បន្តផ្ដល់អំណោយម៉ូតូ ៥០គ្រឿង និងគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងជួរមុខ
17-07-2026 14:51
(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី នេត ធីតា វិឈុណា រួមទាំងសប្បុរសជន បានបន្តបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដោយបាននាំយកអំណោយជាច្រើន ទៅចែកជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅសមភូមិជួរមុខ ដើម្បីលើកទឹកចិត្ត និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។
អំណោយដែលបានប្រគល់ជូនរួមមាន៖ ម៉ូតូចំនួន៥០គ្រឿង ដែលជាមធ្យោបាយដ៏សំខាន់សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងបំពេញបេសកកម្មប្រចាំថ្ងៃរបស់កងកម្លាំង។ ក្រៅពីនេះ ក៏មានគ្រឿងឧបភោគបរិភោគ ជាច្រើនមុខទៀតដូចជា កន្សែងយ័ន្តចំនួន៨,០០០កន្សែង ត្រីខចំនួន១០០កេស បារី៦០ប៊ិច ព្រមទាំងបន្លែស្រស់ៗជាច្រើនមុខដូចជា ឆៃថាវ ៣៥០គីឡូក្រាម ល្ពៅ ៦០០គីឡូក្រាម ត្រឡាច ២០០គីឡូក្រាម និងត្រីឆ្អើរ ៤០០ចង្កាក់។
ការបរិច្ចាគដ៏សប្បុរសនេះ មិនត្រឹមតែជាការផ្តល់នូវសម្ភារ និងគ្រឿងឧបភោគបរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំងអស់ ដែលកំពុងលះបង់កម្លាំង កាយចិត្តការពារបូរណភាពទឹកដី។ អំណោយទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជួយសម្រាលបន្ទុកមួយចំនួនរបស់កងកម្លាំងក្នុងកាលៈទេសៈផ្សេងៗ។
ជាការឆ្លើយតប លោកឧត្ដមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្ដមសេនីយ៍ឯក ហែម សុវត្ថិ និងលោកស្រី នេត ធីតា វិឈុណា ចំពោះសកម្មភាពមនុស្សធម៌នេះ ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងការពារទឹកដីតាមព្រំដែន៕

















