មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ផ្តោតលើការជំរុញភាពជាដៃគូឧស្សាហកម្ម និងការចាប់យកបច្ចេកវិទ្យាទំនើប (Video inside)
17-07-2026 14:24
(ភ្នំពេញ)៖ មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្ម ឆ្នាំ២០២៦ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកវិនិយោគ ក្រុមហ៊ុនបច្ចេកវិទ្យា និងសមាគមធុរកិច្ច ដើម្បីជំរុញភាពជាដៃគូ ក្នុងវិស័យឧស្សាហកម្ម បង្ហាញបច្ចេកវិទ្យាទំនើបៗ និងគាំទ្រការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងជាលើកទី១ ដោយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងពិធីបើក លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរខឿនឧស្សាហកម្មរបស់កម្ពុជា ពីការប្រកួតប្រជែងផ្តោតលើថ្លៃដើមផលិតកម្មទាប ឆ្ពោះទៅការពឹងផ្អែកលើបច្ចេកវិទ្យា នវានុវត្តន៍ ផលិតភាព និងគុណភាព ដើម្បីឱ្យឧស្សាហកម្មកម្ពុជា អាចឈានចូលកាន់តែជ្រៅ ក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។
រដ្ឋមន្ត្រីបានលើកឡើងថា «ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា»។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់កំពុងដំណើរការចំនួន ៣,៣១៩ផ្តល់ការងារ ជាង១.៣លានកន្លែង និងទាក់ទាញទុនវិនិយោគសរុបប្រមាណ ២៧.៨ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហែម វណ្ណឌី ក៏បានលើកឡើងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃវិស័យផលិតកម្មសកល ដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យារ៉ូបូត និងបច្ចេកវិទ្យាឌីជីថល ដែលកំពុងក្លាយជាកត្តាកំណត់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងប្រទេសជាច្រើន។
លោកបានបន្ថែមថា «សម្រាប់ការប្រកួតប្រជែងសកល កម្ពុជាមិនអាចនៅក្រៅសង្វៀនបច្ចេកវិទ្យា បានទេ។ យើងត្រូវចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពផលិតផល និងពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសរបស់យើង»។
មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦នេះ មានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចំនួន ១៦២ ក្នុងនោះមាន ៣៦ ក្រុមហ៊ុនមកពីប្រទេសចិន និង ១១៨ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាឧស្សាហកម្មតាមរយៈស្តង់ពិព័រណ៍ចំនួន ១៩៩ ស្តង់។
តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី Guan Wei បានលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មរវាងប្រទេសទាំងពីរ។
លោកស្រីបានលើកឡើងថា «យើងសង្ឃឹមថា សហគ្រាសនៃប្រទេសទាំងពីរ នឹងចាប់យកឱកាសដែលព្រឹត្តិការណ៍នេះ ផ្តល់ជូនបង្កើតទំនាក់ទំនង ស្វែងរកឱកាសធុរកិច្ច តាមរយៈការផ្លាស់ប្តូរយោបល់ សម្រេចផលប្រយោជន៍រួមតាមរយៈកិច្ចសហប្រតិបត្តិការ និងរួមគ្នាបង្កើតសករាជថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិន»។
លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបញ្ជាក់គោលបំណងរបស់សមាគម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
លោកបានលើកឡើងថា «ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង។ យើងនឹងបន្តពង្រីកវិសាលភាព ពង្រឹងគុណភាព និងឥទ្ធិពលនៃព្រឹត្តិការណ៍នេះ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ក្រោយៗ ក្លាយជាអត្តសញ្ញាណនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា និងជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្ម»។
ព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ពីថ្ងៃ១៧-១៨ ខែកក្កដា មានការតាំងបង្ហាញបច្ចេកវិទ្យាឧស្សាហកម្ម កម្មវិធីផ្គូផ្គងធុរកិច្ច និងការកសាងបណ្តាញទំនាក់ទំនងអាជីវកម្ម សំដៅជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងសហគ្រាសពីបរទេស៕



















