ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា៖ ស្រ្តី ដែលមានកុមារតូចៗដើរនៅតាមចិញ្ចើមថ្នល់ មិនមែនជាជនជាតិរុស្ស៊ីឡើយ
17-07-2026 12:05
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានឆ្លើយតបចំពោះព័ត៌មានមួយចំនួន ដែលបានផ្សាយអំពីស្រ្តីអនាថា ដែលមានកុមារតូចៗដើរជាមួយ និងនៅតាមសំយ៉ាបផ្ទះរបស់គេក្នុងរាជធានីភ្នំពេញ មិនមែនជាជនជាតិរុស្ស៊ី ដូចការផ្សាយរបស់សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះឡើយ។ ផ្ទុយទៅវិញស្រ្តីរូបនេះ គឺជាពលរដ្ឋមកពីប្រទេសតួកមេនីស្ថាន ដែលរស់នៅក្នុងភ្នំពេញតាំងពីឆ្នាំ២០១៩មក ហើយពួកគេគ្មានសញ្ជាតិនៃសហព័ន្ធរុស្ស៊ីទេ។
ដោយមានការសម្របសម្រួលផ្នែកព័ត៌មានពីស្ថានទូតរុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី បានបញ្ជាក់ថា ស្ថានភាពជាក់ស្តែងរបស់គ្រួសារខាងលើ៖ ផ្អែកតាមព័ត៌មានលម្អិតដែលទទួលបានពី លោកឪពុក រ៉ូម៉ាំង (Roman) នៃព្រះវិហារអរតូដុក (Orthodox Church) ដែលជាអ្នកក្តាប់ប្រវត្តិគ្រួសារនេះច្បាស់ជាងគេ ស្ថានភាពពិតប្រាកដមានដូចខាងក្រោម៖
- ស្ត្រីជាម្តាយ និងកូនស្រីច្បង (ដែលចេះនិយាយភាសាខ្មែរ)៖ ពួកគាត់គឺជា ពលរដ្ឋនៃប្រទេសទួរគមេនីស្ថាន (មិនមែនជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ីឡើយ)។ ពួកគាត់បាននិងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋាការ (មិនស្របច្បាប់) ចាប់តាំងពីឆ្នាំ២០១៩ មក។
- កូនពៅ (តូចបំផុត)៖ កុមារនេះបានកើតនៅលើទឹកដីកម្ពុជា ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានឯកសារផ្លូវការ សូម្បីតែសំបុត្រកំណើត និងមិនទាន់មានសញ្ជាតិណាមួយនៅឡើយទេ ដែលជាហានិភ័យនៃស្ថានភាពគ្មានរដ្ឋ (Statelessness)។
- កូនកណ្តាល៖ តាមប្រភពព័ត៌មាន កុមារនេះមិនមែនជាកូនបង្កើតរបស់ស្ត្រីខាងលើឡើយ។ ម្តាយបង្កើតរបស់កុមារនេះជាជនជាតិខ្មែរ និងឪពុកជាជនជាតិវៀតណាម ប៉ុន្តែត្រូវបានស្ត្រីជាជនជាតិទួរគមេនីស្ថានខាងលើ (ឈ្មោះ វិកតូរីយ៉ា) យកមកចិញ្ចឹមបីបាច់ថែរក្សាតាំងពីទារក ដោយគ្មានឯកសារគតិយុត្តិ ឬលិខិតស្នាមស្មុំកូនស្របច្បាប់ណាមួយឡើយ ហើយកុមារនេះក៏គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់។
ជាមួយគ្នានេះសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាជៀសវាងការបញ្ចេញមតិរិះគន់ បង្កការរើសអើង ឬការសន្និដ្ឋានណាមួយដែលគ្មានមូលដ្ឋានច្បាប់។ ករណីនេះជាបញ្ហាមនុស្សធម៌ដ៏ស្មុគស្មាញ និងប៉ះពាល់ដល់អនាគតរបស់កុមារតូចៗ ដែលទាមទារឱ្យមានការដោះស្រាយដោយយកចិត្តទុកដាក់ និងដោយសន្តិវិធីបំផុត ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ៕
