FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦

17-07-2026 12:03

(ភ្នំពេញ)៖ លោក ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក.) និងក្រុមការងារពាក់ព័ន្ធ នៅទីស្តីការ ក.ប.ទ.។

កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាលើបញ្ហាប្រឈម ព្រមទាំងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ត។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការងារប្រតិបត្តិការមជ្ឈមណ្ឌល ការងារបណ្តុះបណ្តាល និងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់សមត្ថភាពឌីជីថលនៅតាមសហគមន៍។

ជាលទ្ធផល ក្រុមការងាររបស់ ក.ប.ទ. និង ក.អ.យ.ក. បានឯកភាពគ្នាលើទិសដៅ និងផែនការសកម្មភាពសម្រាប់បន្តជំរុញការអនុវត្តគម្រោង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការគាំទ្រដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍។

គួរបញ្ជាក់ថា ម.ប.ស. ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ក.ប.ទ. និងមានកិច្ចសហការជាមួយ ក.អ.យ.ក. ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ (១) បន្ទប់កុំព្យូទ័រ (Computer Lab) (២) បន្ទប់បណ្តុះបណ្តាល (Training Room) (៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង (៤) សាលសាធារណៈ (Public Hall) ។