លោកបណ្ឌិត ដៀប សុផល៖ វៀតណាម ធ្លាប់បានសម្តែងការដឹងគុណកម្ពុជា ចំពោះការជួយដល់ការបង្រួបបង្រួមទឹកដី (Video inside)
17-07-2026 11:59
(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានបញ្ជាក់ឆ្លើយតបទៅ លោកបណ្ឌិត មាស នី ថា វៀតណាមពិតជាធ្លាប់បានសម្តែងការដឹងគុណកម្ពុជា ចំពោះការជួយដល់ការបង្រួបបង្រួមទឹកដីរបស់ខ្លួន។
ការឆ្លើយតបបែបនេះរបស់ លោកបណ្ឌិត ដៀប សុផល បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី « តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន»? ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត ដៀប សុផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបទៅបណ្ឌិតមាសនីបន្តិច បណ្ឌិត មាស នី ថា វៀតណាម មិនដែលដឹងគុណយើងអស់ពេលយូរទម្រាំវៀតណាម ហាមាត់ដឹងគុណ ដឹងគុណនៅពេលណា គឺនៅក្នុងខួប ៤០ឆ្នាំនៃថ្ងៃដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លងទៅវៀតណាម ដើម្បីបង្កើតកងទ័ព ហើយនៅពេលនោះ នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើសុរន្ទកថា នៅកោះថ្មតែម្ដង ហើយបន្ទាប់ពីវៀតណាមដឹងគុណ មិនដឹងពួកយើងចាប់អារម្មណ៍អត់បណ្ដាញសារព័ត៌មាន ជាពិសេស Fresh News មួយម៉ោងចាក់ម្ដងៗ ព្រោះអីយើងចង់ឮដែរ»។
លោកបណ្ឌិត ដៀប សុផល បានលើកឡើងថា ចំពោះការរំដោះទីក្រុងព្រៃនគរ កាលពីអតីតកាល មានអ្នកស្រាវជ្រាវអាមេរិកបានលើកឡើងថា វៀតណាមខាងជើងមិនអាចផ្ដួលរំលំទីក្រុងព្រៃនគរបានទេ ពីព្រោះគ្មានកាំភ្លើងធំគ្មានរថក្រោះ អញ្ចឹងការមានតែកងទ័ពថ្មើរជើងប៉ុណ្ណឹង មិនអាចវ៉ៃលុកចូលបានទេ ប៉ុន្តែគេដឹងថា មានការរៀបចំនៅពេលដែលចាប់ផ្ដើមប្រតិបត្តិការ ១ខែ២ខែមុន ស្រាប់តែរថក្រោះបើកចេញពីប្រទេសកម្ពុជាទៅ។ លោកចាត់ទុកថា ចំណុចនេះគឺជាការជួយមួយដ៏ធំរបស់ ដែលជួយរថក្រោះឲ្យលាក់នៅក្នុងប្រទេស សូម្បីតែភ្នាក់ងាររបស់វៀតណាមខាងត្បូង មិនអាចយកការបាន។
វៀតណាម ត្រូវបានបែងចែកជា២ប្រទេស គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង ក្រោយអំឡុងសង្គ្រាមឥណ្ឌូចិន លើកទី១ ឆ្នាំ១៩៤៩ គ្រាដែលពិភពលោកទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់ ក្នុងនោះបារាំងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបង្កើតវៀតណាមខាងត្បូង ដោយដាក់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅបៅដាយ ដែលជាអតីតអធិរាជ្យនគរអាណាម។ ក្រោមការជួយពីកម្ពុជា និងឡាវ វៀតណាមខាងជើងបានធ្វើសង្គ្រាមយកឈ្នះវៀតណាមខាងត្បូង ដែលមានអាមេរិកនៅពីក្រោយខ្នង និងបង្រួបបង្រួមវៀតណាមទាំងពីរឡើងវិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥៕


















