ភរិយា រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចុះសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មាន
17-07-2026 11:57
(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខលោក ភឿន ភឺន ដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្រសួងព័ត៌មាន។
ពិធីនេះធ្វើឡើងនៅសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការចុះសួរសុខទុក្ខនេះ គឺតំណាងឱ្យលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន)។
ក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានអមដំណើរដោយលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកស្រី ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន, លោកស្រី ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន ផងដែរ។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតមន្ត្រីរាជការ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនជាតិមាតុភូមិកន្លងមក។ ការសួរសុខទុក្ខនេះ មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះគុណូបការៈរបស់និវត្តជនផងដែរ៕



















