ក្រសួងកសិកម្ម ដៃគូអភិវឌ្ឍ និងអង្គការ GIZ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)»
17-07-2026 11:56
(ភ្នំពេញ)៖ លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)»។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមក្រសួងកសិកម្ម លោក យ៉ង សាំង កុមារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ GIZ ដើម្បីរួមគ្នាអនុវត្តគំនិតផ្ដួចផ្ដើមនេះ។
សូមជម្រាបជូនថា គំនិតផ្ដួចផ្ដើម BRIC នឹងរួមចំណែក៖ លើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់សេវាកម្មកសិកម្មកាន់តែមានប្រសិទ្ធភាព៕





