FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅ​ស្រុក​ចំនួន៣ ក្នុងខេត្តកណ្តាល

17-07-2026 11:50

(កណ្ដាល)៖ ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋានរដ្ឋបាលជល​ផលចតុមុខ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល កងកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យនិងបង្ក្រាប​បទល្មើសនេសាទ នៅស្រុកចំនួន៣ ក្នុង​ខេត្ត​កណ្តាល។

ការបង្ក្រាបធ្វើឡើងនៅចំណុចដងគោម ឃុំកំពង់អុស និងចំណុចស្ពាន​ព្រែក​​ក្តាម ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ក្រុមការងារ​ជំនាញ​បានរឹបអូសឧបករណ៍រួមផ្សំ នៃបទល្មើសឆក់ត្រីចំនួន​០២ករណី​រួមមាន៖ ទូកស្មាច់ចំនួន០២គ្រឿង ម៉ាស៊ីនចំនួន០២គ្រឿង អាំងវេទ័រ​ឆក់​ត្រី​ចំនួន ០២គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន០២​គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម និងបានលែងត្រីទម្ងន់​៧គីឡូក្រាម។

ចំណែកការបង្ក្រាបនៅត្រង់ចំណុច ព្រែកដងគោម និងព្រែកតាម៉ែ ក្នុ​ង​ឃុំ​កំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ជាលទ្ធផលនៃបេសកកម្ម​បង្ក្រាប ក្រុមការងារជំនាញបានរឹបអូសលូសាច់អួនចំនួន​០១ករណី​រួមមាន៖ របាំងស្បៃមុង និងព្រួលឫស្សីចំនួន៧របាំង ប្រវែង១៧៥ម៉ែត្រ បង្គោលចំនួន១៥០ដើម លូសាច់អួនចំនួន១៤មាត់។

ជាមួយគ្នានោះដែរ នៅឯចំណុចបន្ទាយដែក និងចំណុចភូមិកោះប្រាក់​ចាស់ ឃុំកោះប្រាក់ ស្រុកកៀនស្វាយ និងឃុំពាមឧកញ៉ាអុង ស្រុកល្វា​ឯម ខេត្តកណ្ដាល ជាលទ្ធផល បានរឹបអូសឧបករណ៍រួមផ្សំនៃបទ​ល្មើស​អួនអូសទឹកសាប និងឧបករណ៍ឆក់ត្រី ចំនួន០៣ករណី រួមមាន៖ ទូកឈើចំនួន០២គ្រឿង អួនអូសទឹកសាបចំនួន០១គ្រឿង បាឡា​ស្មាច់​ចំនួន០២គ្រឿង ម៉ាស៊ីនចំនួន០៤គ្រឿង អាំងវេទ័រឆក់ត្រី​ចំនួន០២គ្រឿង ដងឆក់ត្រីចំនួន០២ដើម អាគុយចំនួន ០២ គ្រឿង និងបានលែងត្រីទម្ងន់១៥គីឡូក្រាម៕