FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ទស្សន​កិច្ច​សិក្សា​សហគមន៍នេសាទ និងចូលរួមវេទិកាស្តីពី «កិច្ចសហ​គ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» ខេត្តព្រះសីហនុ

17-07-2026 11:41

(ព្រះសីហនុ)៖ នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការតំណាង លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ជំនាញនៃអគ្គនាយកដ្ឋានជលផល អាជ្ញាធរខេត្ត អាជ្ញាធរស្រុកព្រៃនប់ ឃុំពាក់ព័ន្ធ សហគមន៍នេសាទ និងដៃគូអង្គការ NGOF, CNRO និងអង្គការ AAC ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍នេសាទ និងចូលរួមវេទិកាភាពជាដៃគូ ស្តីពី «កិច្ចសហគ្រប់គ្រងធន ធាន ជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» នៅខេត្តព្រះសីហនុ។

នាដំណើរចុះទស្សនកិច្ច លោក ទឹម បូរក្ស និងក្រុមការងារបាន ស្វែងយល់ពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពធនធាន ជលផលជាសក្តានុពល នៅក្នុងកន្លែងសហគមន៍នេសាទ ជាអាទិ៍ មាន៖ ព្រៃកោងកាង ផ្សោតសមុទ្រ សត្វស្លាប ទីតាំងធ្វើវារីវប្បកម្ម និងតំបន់ទេសចរជលផលជាដើម។

ជាមួយគ្នានោះដែរ នៅក្នុងវេទិកាស្តីពី «កិច្ចសហគ្រប់គ្រងធនធាន ជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» លោក ទឹម បូរក្ស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើការ អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ គួបផ្សំនឹងការអភិរក្សធនធានធម្មជាតិ តំបន់គ្រប់គ្រងជលផលសមុទ្រ តាមរយៈការពង្រឹងសហគមន៍នេសាទ និងបណ្តាញសហគមន៍នេសាទ។

ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងធ្វើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋាន ពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព។ លោកបានបន្តថា វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ចែក រំលែកបទពិសោធ ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងអភិបាលកិច្ចសហគមន៍ ការពារធនធានជលផល និង លើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងពាក្យស្លោក «មានហូប មានប្រើ មានបាន និងមានរហូត»