World Cup 2026៖ ប្រធានក្រុម Kane ស្ថិតក្នុងភាពមន្ទិល ដ្បិតមិនអាចជួយអង់គ្លេស ឡើងផ្តាច់ព្រ័ត្រលើកដំបូង
17-07-2026 11:05
(បរទេស)៖ ខ្សែប្រយុទ្ធពាក់លេខ៩ Harry Kane មិនប្រាកដក្នុងចិត្តពីការមានវត្តមាននៅ World Cup 2030 ឬយ៉ាងណានោះទេ ក្រោយអង់គ្លេសនៅតែមិនអាចឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងបាន ក្នុងរយៈពេល ៦០ឆ្នាំមកនេះ។
ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះបានគូសបញ្ជាក់ថា «វាប្រៀបបីដូចជាលឿនពេកហើយ ក្នុងការវិនិច្ឆ័យសម្រាប់ អនាគតនៅជាមួយជម្រើសជាតិអង់គ្លេសរហូតដល់ World Cup 2030» បន្ទាប់ពីរងការឈឺចាប់ចុកចាប់ ក្រោមថ្វីជើងរបស់អាហ្សង់ទីន ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។
ទោះជាយ៉ាងណា វាជាការបរាជ័យនៅវគ្គ ៤ក្រុមនៃ World Cup ចំនួន ២លើកក្នុងរយៈពេលតែ ៨ឆ្នាំសម្រាប់អង់គ្លេស នៅពេលខ្សែប្រយុទ្ធមកពីក្លិប Bayern Munich របស់អាល្លឺម៉ង់រូបនេះ បានបរាជ័យ ២-១ នេះផងដែរក្រោមថ្វីជើងរបស់ ក្រឡាអុកក្រូអាតកាល World Cup 2018 នៅប្រទេសរុស្ស៊ី។
Kane បានកត់សម្គាល់ឃើញថា ប្រធានក្រុមអាហ្សង់ទីន Lionel Messi នៅអាចលេងបានទាំងដែលវ័យ ៣៩ឆ្នាំ នៅពេលអតីតកីឡាករក្លិប Tottenham Hotspur រូបនេះទើបមានវ័យ ៣២ឆ្នាំនៅឡើយ ក៏ប៉ុន្តែហាក់ស្ថិតក្នុងមន្ទិលនៅជម្រើសជាតិទៅវិញ ក្នុងរយៈពេល ៤ឆ្នាំបន្ទាប់។
លោកថា «វាដូចជាលឿនពេកហើយ ក្នុងការនិយាយពីអនាគត។ សម្រាប់ខ្ញុំនាពេលនេះ ចង់និយាយតែពីការរីកចម្រើនពី ១ឆ្នាំទៅ ១ឆ្នាំប៉ុណ្ណោះ។ ជម្រើសជាតិ គឺជាមោទកភាពរបស់ខ្ញុំ និងចាប់អារម្មណ៍ និងស្រឡាញ់បំផុតហើយ»។
Harry Kane នឹងបន្តបង្ហាញវត្តមាន ពេលអង់គ្លេសប្រកួតទល់នឹងមាន់គកបារាំង ដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅ World Cup ជាលើកទី២ នារាត្រីថ្ងៃទី១៩ ខែកក្កដាចុងសប្តាហ៍នេះ ក្រោយពេលចាញ់ប៊ែលហ្ស៊ិក ២-០ កាលឆ្នាំ២០១៨ ក្នុងនាមក្រុមបរាជ័យត្រឹមវគ្គ ៤ក្រុមដូចគ្នា៕
