World Cup 2026៖ ទីក្រុង New York ចេញសារព្រមានពីគុណភាពខ្យល់ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់
17-07-2026 09:56
(បរទេស)៖ មន្រ្តីប្រចាំទីក្រុង New York និងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានចេញសារព្រមានពីគុណភាពខ្យល់ ដែលអាចបណ្តាលឱ្យប៉ះពាល់សុខភាព នៅប៉ុន្មានថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 រវាងអាហ្សង់ទីន និងអេស្ប៉ាញ។
គួរបញ្ជាក់ផងថា កីឡដ្ឋាន New Jersey stadium ស្ថិតក្នុងទីក្រុង New York ជាទីតាំងរៀបចំ World Cup 2026 បាន ៧ប្រកួតកន្លងមក នៅពេលវគ្គផ្តាច់ព្រ័ត្រដ៏នឹងធ្វើឡើងនៅទីតាំងនេះដែរនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ។
ទោះជាយ៉ាងណា ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ផ្សែងហុយនៅលើបរិយាកាសដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅប្រទេសកាណាដានោះ វាកំពុងគ្របដណ្តប់នៅលើទីក្រុង New York ទៀតផង ដែលនាំឱ្យមន្រ្តីចេញសារណែនាំឱ្យប្រជាពលរដ្ឋអាមេរិកស្នាក់នៅក្នុងផ្ទះ បើមិនចាំបាច់ទេ កុំចេញក្រៅ។
ទីក្រុង New York នេះ គឺជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 រវាងអាហ្សង់ទីន និងអេស្ប៉ាញនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដាចុងសប្តាហ៍នេះវេលាម៉ោង ៨យប់នៅសហរដ្ឋអាមេរិក ស្មើនឹងម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
បញ្ហាកង្វក់បរិយាកាសនេះដែរ វាបានកើតឡើងមុនពេលអេស្ប៉ាញបានធ្វើដំណើរមកដល់រដ្ឋ New Jersey កាលពីរាត្រីថ្ងៃពុធទៅទៀត មុន ១ថ្ងៃពេលពួកគេបានយកឈ្នះបារាំងដែលស្ថិតក្នុងទីក្រុង Texas។ ពួកគេបានចេញហ្វឹកហាត់នៅ ខាងក្រៅបានធម្មតាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយពុំមានកង្វល់អ្វីឡើយ នៅពេលគូប្រជែងអាហ្សង់ទីន នឹងចេញហ្វឹកហាត់នៅរសៀលថ្ងៃសុក្រនេះនៅទីតាំងដូចគ្នា៕

