គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យ ៦១ទីតាំង រកឃើញជនបរទេសស្នាក់នៅ ២៧២នាក់, ២ទីតាំងជាប់ពាក់ព័ន្ធបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យ ៣នាក់
16-07-2026 21:23
(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ ៦១ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២៧២នាក់ មានឯកសារត្រឹមត្រូវ និងបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទាំង ២ទីតាំងនេះរួមមាន៖
ទី១៖ ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន០១នាក់ និងដកហូតវត្ថុតាង ដូចជា៖ Keyboard ចំនួន ៨កេស Mother board ចំនួន១៩កេស Network ចំនួន២កេស ទូរសព្ទ ៤កេស កុំព្យូទ័រយួរដៃ ចំនួន ៥កេស Adapter all in one +Phone ចំនួន៤កេស។
ទី២៖ ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖ ទូរសព្ទដៃ ចំនួន ១ ៧៤០គ្រឿង Computer all in one ចំនួន ១១គ្រឿង សុីមកាត និងគ្រឿងបន្លាស់ទូរ រថយន្តព្រូស ពណ៌ស ១គ្រឿង។
តាមការកោសល្យវិច្ឆ័យរបស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស Online Scams ជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ។
លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕






















