ទិវារំលឹកគុណលោកឪពុកអ្នកម្ដាយ បណ្ដុះស្មារតីកតញ្ញូ និងដាស់តឿនយុវជនឱ្យចេះចងចាំគុណឪពុកម្ដាយជានិច្ច
16-07-2026 20:57
(ព្រះវិហារ)៖ ក្នុងគោលបំណងបណ្ដុះស្មារតីកតញ្ញូ ការដឹងគុណ និងការលើកកម្ពស់តម្លៃគ្រួសារ ដល់យុវជនជំនាន់ក្រោយ «គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្ដាយ» នៅអនុវិទ្យាល័យរួសរាន់ ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីដាស់ស្មារតីសិស្សានុសិស្សឱ្យស្គាល់ពីគុណូបការៈដ៏ធំធេងរបស់លោកឪពុកអ្នកម្ដាយ និងលើកទឹកចិត្តឱ្យក្លាយជាកូនល្អរបស់គ្រួសារ និងសង្គម។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក នាង វណ្ណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកស្រី គង់ ណារ៉ន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុករវៀង លោក ប្រាក់ វេត មេឃុំរួសរាន់ លោក លឹម សារ៉េត តំណាងអង្គការអាដ្រាកម្ពុជា នៃគម្រោងយើងរួមគ្នា ប្រចាំខេត្តព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងអ្នករៀបចំកម្មវិធី បានលើកឡើងពីសារៈសំខាន់នៃការដឹងគុណឪពុកម្ដាយ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្ត និងធនធានគ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមបីបាច់ និងផ្តល់ឱកាសឱ្យកូនៗទទួលបានការសិក្សា និងអនាគតល្អប្រសើរ។ការដឹងគុណ និងការគោរពឪពុកម្ដាយ គឺជាគ្រឹះនៃការកសាងមនុស្សល្អ និងសង្គមប្រកបដោយសីលធម៌។
បន្ថែមពីលើការបណ្ដុះស្មារតីកតញ្ញូ ទិវានេះក៏បានបញ្ជ្រាបចំណេះដឹងស្តីពីការទប់ស្កាត់ការរៀបការនៅវ័យក្មេង តាមរយៈការសម្តែងសិល្បៈ ចម្រៀង សំណួរ-ចម្លើយ និងសកម្មភាពអប់រំជាច្រើន ដែលបានទាក់ទាញការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស និងធ្វើឱ្យបរិយាកាសកម្មវិធីពោរពេញដោយភាពស្និទ្ធស្នាល រីករាយ និងមានអត្ថន័យ។
តាមរយៈទិវានេះ អង្គការអាដ្រាកម្ពុជា និងដៃគូពាក់ព័ន្ធ រំពឹងថា យុវជននឹងយល់កាន់តែច្បាស់ពីតម្លៃនៃការដឹងគុណ ការគោរព និងការថែរក្សាឪពុកម្ដាយ ព្រមទាំងជៀសវាងការសម្រេចចិត្តដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួន ដើម្បីរួមចំណែកកសាងគ្រួសាររឹងមាំ និងសហគមន៍ប្រកបដោយភាពកក់ក្តៅ។
«កុំរង់ចាំថ្ងៃដែលលោកឪពុកអ្នកម្ដាយលែងនៅក្បែរ ទើបសោកស្តាយថាមិនទាន់បានតបស្នងសងគុណ។ ការដឹងគុណថ្ងៃនេះ គឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់អ្នកមានគុណ»៕









