ក្រុមការងារចម្រុះ ចុះអប់រំណែនាំម្ចាស់ដេប៉ូគ្រួសខ្សាច់ ៣ទីតាំង ក្នុងខេត្តក្រចេះ ឱ្យចូលរួមគោរពច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
16-07-2026 20:49
(ក្រចេះ)៖ ក្រុមការងារចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល ដឹកនាំដោយលោ គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណ ការនិងដឹកជញ្ជូន និងលោក មុី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាតំណាងលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ដោយផ្ទាល់ដល់ម្ចាស់សហគ្រាសដេប៉ូគ្រួសខ្សាច់ចំនួន ៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ក្នុងឱកាសនៃកាចុះត្រួតពិនិត្យនោះ ក្រុមការងារចម្រុះបានជួបពិភាក្សា ណែនាំ និងចែកខិត្តប័ណ្ណច្បាប់ស្តីពីផ្លូវថ្នល់ ជូនដល់ម្ចាស់ដេប៉ូ ធំៗទាំងបីទីតាំង ក្នុងនោះលោក គឹម សាន់ បានសង្កត់ធ្ងន់ថា ការយោគយល់ ឬការធ្វេសប្រហែសណាមួយក្នុងការផ្ទុកទម្ងន់ គឺជាការចូលរួមបំផ្លាញទ្រព្យសម្បត្តិជាតិ គឺផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលបានចំណាយថវិការាប់លានដុល្លារក្នុងការស្ថាបនា។ លោកបញ្ជាក់ថា ការអប់រំណែនាំ នេះជាវិធានការបង្ការ និងតម្រង់ទិសដ៏ល្អមួយ ដើម្បីឱ្យម្ចាស់អាជីវកម្មយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចផ្លូវច្បាប់ ការដឹកជញ្ជូនមិនឱ្យលើសទម្ងន់កំណត់ និងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងតំបន់អាជីវកម្មរបស់ខ្លួន។
ជាមួយគ្នាមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពល បានពន្យល់ណែនាំយ៉ាងម៉ឺងម៉ាត់អំពីច្បាប់ និងវិធានការមួយចំនួនដល់ម្ចាស់ដេប៉ូទាំងនោះ ខ្សាច់ដែលត្រូវដឹកចេញពីដេប៉ូ ត្រូវតែទុកឱ្យស្រក់ទឹកអស់ជាមុនសិន ការដឹកខ្សាច់ហូរទឹកដក់លើទ្រូងផ្លូវ មិនត្រឹមតែធ្វើឱ្យខូចស្រទាប់កៅស៊ូថ្នល់លឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់រអិលដល់អ្នកដំណើរផ្សេងទៀត ជាពិសេសអ្នកជិះម៉ូតូ ដូច្នេះត្រូវគ្របតង់ឱ្យបានជិតល្អ រាល់ការដឹកជញ្ជូនខ្សាច់ ឬគ្រួស ត្រូវតែគ្របតង់ឱ្យជិត ដើម្បីបង្ការកុំឱ្យហុយ ឬធ្លាក់កំពប់លើផ្លូវ។
ជាលទ្ធផលម្ចាស់ដេប៉ូទាំង ៣ទីតាំង បានយល់ព្រមសហការ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់ការផ្ទុកទម្ងន់លើសកម្រិតកំណត់ និងសន្យាចូលរួមអនុវត្តតាមការណែនាំបច្ចេកទេសរបស់ក្រសួង ដើម្បីធានាសុវត្ថិភាពផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ៕







