ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឹ ផ្លរ៉ា អាន ឌីវេឡុបម៉ិន ឯក ដែលជាដើមបណ្តឹង ចេញបំភ្លឺព័ត៌មានជុំវិញករណី នគរបាលទេសចរណ៍នាំខ្លួនបុគ្គលិក ២នាក់, បុគ្គលិកទាំង២នាក់ បានឃុបឃិតគ្នាលួចលុយក្រុមហ៊ុនជិត ២លានដុល្លារ (Video inside)
16-07-2026 20:45
(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះវីដេអូករណីនគរបាលទេសចរណ៍ ឃាត់ខ្លួនបុរស២នាក់ ហើយត្រូវបានអ្នកប្រើប្រាស់ Facebook នាំគ្នាចែករំលែកតៗគ្នា និងរិះគន់លើកម្លាំងសមត្ថកិច្ចនោះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឹ ផ្លរ៉ា អាន ឌីវេឡុបម៉ិន ឯក ដែលជាដើមបណ្តឹង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណីនេះ និងបានបញ្ជាក់ថា បុរសទាំង២នាក់ ដែលជាបុគ្គលិករបស់បានឃុបឃិតគ្នាលួចលុយក្រុមហ៊ុនជិត ២លានដុល្លារ។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បុគ្គលិកទាំងពីរនាក់ ដែលមានឈ្មោះ ហួត សិទ្ធិរាជ និងឈ្មោះ បេ ម៉េងឆាយ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅនាយកដ្ឋាននគរបាលទេសចរណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបណ្តឹងឃុបឃិតគ្នាលួចលុយក្រុមហ៊ុនជិត ២លានដុល្លារ។ បន្ទាប់ពីឃាត់ខ្លួនសួរនាំ ពួកគេទាំងពីរបានសារភាព និងបានសម្របសម្រួលសងប្រាក់ទាំងអស់ ទៅខាងក្រុមហ៊ុនវិញ ទើបក្រុមហ៊ុនដកពាក្យបណ្តឹង ហើយភាគីក្រុមហ៊ុនមិនចង់វែងឆ្ងាយក៏ដោះលែងវិញ។
ប៉ុន្តែគួរឱ្យសោកស្តាយនៅពេលសមត្ថកិច្ចដោះលែងឱ្យទៅផ្ទះវិញ ឈ្មោះ Mengchhay Be និងឈ្មោះ Sithireach Huot បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមរបស់ខ្លួន បំភ្លៃការពិត បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនផ្ទាល់ និងជាពិសេសប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់សមត្ថកិច្ចកងកម្លាំងនគរបាលជាតិ។
ក្រុមហ៊ុនសូមធ្វើការបញ្ជាក់ថា ព័ត៌មានដែលគណនីហ្វេសបុកឈ្មោះ Mengchhay Be និងឈ្មោះ Sithireach Huot បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនេះ គឺពុំមែនជាព័ត៌មានពិតឡើយ៕




