សភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា រួមគ្នាជំរុញការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន
16-07-2026 20:38
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន រវាងវៀតណាម និងកម្ពុជា៖ ការតភ្ជាប់ទីផ្សារ និងការពង្រីកសក្តានុពលនាំចេញ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរ សំដៅជួយសម្រួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញកំណើននៃការនាំចេញ និងបើកឱកាសឱ្យសហគ្រាសនៃប្រទេសទាំងពីរអាចពង្រីកវិសាលភាពទីផ្សារទៅកាន់តំបន់និងសកលលោក។
បណ្ឌិត តាន់ មុនីវណ្ណ បានគូសបញ្ជាក់ អំពីទំនាក់ទំនងដ៏ល្អប្រសើរ វាងកម្ពុជា និងវៀតណាម ដែលប្រែក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ពោលសព្វថ្ងៃនេះវៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងជាដៃគូដ៏ធំបំផុតមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតក៏បានបន្ថែមថា នាពេលបច្ចុប្បន្នកម្ពុជា កំពុងតែវិវត្តទៅរកសេដ្ឋកិច្ចឌីជីថល ដែលជួយទ្រទ្រង់ទៅលើពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ លោកបណ្ឌិតបានលើកទឹកចិត្តវិនិយោគិនវៀតណាមធ្វើការទំនាក់ទំនងជាមួយធុរជនកម្ពុជាក្នុងសិក្ខាសាលានេះ ដើម្បីយល់ដឹងអំពីឥរិយាបថរបស់អ្នកប្រើប្រាស់តាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបរិបថក្នុងការវិនិយោគនៅកម្ពុជា។
លោក ង្វៀន អាញ់ វូ (Nguyen Anh Vu) តំណាងនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានថ្លែងកោតសរសើរចំពោះទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាលំដាប់។ លោកបានបន្ដថា បច្ចុប្បន្ន ប្រទេសវៀតណាមគឺជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលមានការរីកចម្រើនលឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ឯប្រទេសកម្ពុជាក៏កំពុងមានកំណើនខ្លាំងនៅក្នុងសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនដែរ។
លោក ង្វៀន អាញ់ វូ បានបន្ថែមថា កត្ដានេះត្រូវបានជំរុញដោយចំនួនប្រជាជនវ័យក្មេង និងអត្រាកើនឡើងខ្ពស់នៃការប្រើប្រាស់អ៉ីនធឺណិត និងការទូទាត់បែបឌីជីថល។ ភាពស៊ីសង្វាក់គ្នារវាងទីផ្សារទាំងពីរដែលមានភូមិសាស្ត្រជាប់គ្នា ជាមួយនឹងលក្ខខណ្ឌភស្តុភារអំណោយផល បានបង្កើតបរិយាកាសដ៏ល្អសម្រាប់អាជីវកម្មប្រទេសទាំងពីរក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្ម និងធុរកិច្ចបែបឌីជីថល។
ក្នុងឱកាសនៃសិក្ខាសាលានេះ ក៏មានការរៀបចំតាំងបង្ហាញផលិតផលដោយផ្ទាល់ពីសំណាក់សហគ្រាសចម្រុះ រួមជាមួយបទបង្ហាញលើប្រធានបទសំខាន់ៗ ដូចជា៖ និន្នាការទីផ្សារនិងឥរិយាបថអ្នកប្រើប្រាស់អនឡាញនៅ កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងការចែករំលែកបទពិសោធន៍ជាក់ស្តែងពីធុរជននៃប្រទេសទាំងពីរ។ កម្មវិធីទាំងមូលបានបញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាលរវាងអ្នកចូលរួមទាំងអស់៕






















