FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៦ខែដើមឆ្នាំ២០២៦នេះ CMAC បោសសម្អាតរំដោះផ្ទៃដីតំបន់គ្រាប់មីន ៧៥ ១៣២ហិកតា បំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ២០ ៨៦១គ្រាប់

16-07-2026 19:38

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ (មករា-មិថុនា) ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់អង្គភាពCMAC នៅសារមន្ទីរតេជោសន្តិភាព។

លោក ហេង រតនា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អង្គភាពCMAC បានសម្រេចលទ្ធផលប្រតិបត្តិការគួរជាទីមោទនៈដូចជា៖

ទី១៖ ការបោសសម្អាតរំដោះផ្ទៃដីតំបន់គ្រាប់មីន /គ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាមចាស់/ថ្មី បានពង្រាយកម្លាំងពហុជំនាញ សម្រេចលទ្ធផលបោសសម្អាតរំដោះផ្ទៃដីតំបន់គ្រាប់មីន/គ្រាប់បានចំនួន៧៥.១៣២ហិកតា ស្មើនឹង ៨២ភាគរយ នៃផែនការប្រចាំឆ្នាំ។ រុករកឃើញ និងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២០.៨៦១គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន៤.០២៣លើក។

ទី២៖ ការងារផ្សព្វផ្សាយអប់រំយល់ដឹងពីមីន ដល់ក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១.៣៧៤.៨៨៧៧នាក់ ស្មើនឹង ៥៩,១៧ភាគរយនៃផែនការឆ្នាំ។

ទី៣៖ សម្រាប់ការងារស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ក្នុងឆ្នាំ២០២៥កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៦ រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។

ជាលទ្ធផលបានធ្វើការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់សរុបជិត៣៨៧.២០៦ហិកតា។ កំណត់អាទិភាពរំដោះផ្ទៃដីគាំទ្រការវិលត្រលប់ទៅលំនៅដ្ឋានវិញសម្រាប់ប្រជាពលរដ្ឋបានចំនួន ៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត ១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន ៨៧ខ្នង ស្មើនឹងផ្ទៃដី១៥៤ហិកតា តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង។ កិច្ចប្រតិបត្តិការនេះបានរុករកឃេីញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង ៨.៤០០គ្រាប់ ដែលក្នុងចំនួនសម្រេចបាននេះមានគ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់។

ទី៤៖ ក្នុងទិសដៅបន្តទៅមុខ អង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តសំខាន់ៗលេីអ្វីដែលមានស្រាប់ ដោយផ្តោតលើការងារស្រាវជ្រាវ&អភិវឌ្ឍន៍បច្ចេកវិទ្យា ការធ្វើទំនើបកម្មបច្ចេកវិទ្យាAI &នវានុវត្តន៍ និងពង្រឹងសមត្ថភាពខាងក្នុងអង្គភាពដោយពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។

ដេីម្បីសម្រេចបានជោគជ័យនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីននិងពង្រឹងភាពជាម្ចាស់៕