កម្ពុជា-ប្រេស៊ីល បេ្ដជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត, ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន១៨៦លានដុល្លារ
16-07-2026 19:30
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Vivian Loss Sanmartin ក្នុងខណៈដែលលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានវេសនដ្ឋាន ប្រចាំនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Vivian Loss Sanmartin និងសហការី ក៏ដូចជាការថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធប្រេស៊ីល, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ប្រេស៊ីល តាមរយៈការដាក់និវេសនដ្ឋានទូតផ្ទាល់នៅភ្នំពេញ កាលពីឆ្នាំ២០២៤។
ជាមួយគ្នានេះ, ទំហំពាណិជ្ជកម្មកម្ពុជា-ប្រេស៊ីល មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយពិសេស ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានប្រមាណ១៨៦ លានដុល្លារអាម៉េរិក កើនឡើងជាង៨១% បើធៀបនឹងឆ្នាំ ២០២៤ ដោយការនាំចេញផលិតផលសំបកកង់ និងសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ប្រេស៊ីល។
លោកស្រី Vivian Loss Sanmartin ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យ លោកស្រី និងសហការី ជួបពិភាក្សាការងារ។ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា តាមរយៈការបន្ត ជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហ-ប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពលនៃប្រទេសទាំងពីរ ដែលអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងរយៈពេលមធ្យម និងវែងខាងមុខ ក្នុងនោះមានវិស័យកសិកម្ម វិស័យថាមពល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។
កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់, កម្មវិធីជំរុញការកែលម្អ បរិយាកាសធុរកិច្ច និងវិនិយោគ ដែលមានគោលដៅជំរុញការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិន, និងការបង្កើនភាពធន់ផងដែរ។
ប្រេស៊ីល មានឧត្តមភាពលើវិស័យកសិកម្ម វិស័យថាមពល និងវិស័យធនាគារ ដែលអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជាក្នុងការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរជំនាញ ជាដើម។ ឈលើសក្តានុពលទាំងនេះ, កម្ពុជា-ប្រេស៊ីល គួរចាប់ផ្តើមពិនិត្យលទ្ធភាពសិក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំកិច្ចព្រម-ព្រៀងស្ដីពីការជំរុញ និងការការពារ ទៅវិញទៅមកនូវការវិនិយោគ, លទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងរៀបចំយន្តការនៃការមិនយកពន្ធត្រួតគ្នា (Double Taxation Agreements) ជាដើម។
ជាទីបញ្ចប់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល ដែលបានបន្តរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
