FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសេនាតេជោសន្តិភាព រៀបចំការចាប់ពូល ការប្រកួតពានរង្វាន់បាល់ទះ «សេនាតេជោ សន្តិភាព» រដូវកាលទី១

16-07-2026 19:01

(បាត់ដំបង)៖ គណៈកម្មការរៀបចំការប្រកួតសហព័ន្ធទាល់ទះកម្ពុជា ព្រមទាំងមន្ទីរអប់រំ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំការចាប់ពូល ប្រកួតពានរង្វាន់បាល់ទះសេនាតេជោសន្តិភាព ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក កែវ ផុង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ការប្រកួតពានរង្វាន់បាល់ទះ «សេនាតេជោ សន្តិភាព» រដូវកាលទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទះនៅកម្ពុជា ក៏ដូចជាផ្ដល់វេទិកាមួយសម្រាប់កីឡាករ កីឡាការិនី និងក្លឹបបាល់ទះទូទាំងប្រទេស បានជួបជុំគ្នាប្រកួតប្រជែងផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងមិត្តភាព សាមគ្គីភាព។
ព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅយ៉ាងអធិកអធមនៅសាលកីឡាបាល់ទះគរុកោសល្យខេត្តបាត់ដំបង ដែលជាទីតាំងដ៏សមស្រប និងមានស្តង់ដារខ្ពស់ អាចទទួលស្វាគមន៍ក្រុមចូលរួម និងអ្នកគាំទ្របានយ៉ាងច្រើនកុះករ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមសេនាតេជោសន្តិភាព ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ រយៈពេលប្រាំថ្ងៃពេញនេះ នឹងក្លាយជាសមរភូមិប្រកួតប្រជែងដ៏ស្វិតស្វាញ រវាងក្លឹបបាល់ទះឆ្នើមៗមកពីគ្រប់ទិសទី ដើម្បីដណ្ដើមយកជ័យជម្នះ និងពានរង្វាន់ដ៏មានតម្លៃ។

ក្រុមរៀបចំកម្មវិធីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាថាការប្រកួតនឹងប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងប្រកបដោយភាពរីករាយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

ការប្រកួតពានរង្វាន់បាល់ទះ «សេនាតេជោ សន្តិភាព» រដូវកាលទី១ នេះ មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍធនធានកីឡាបាល់ទះរបស់កម្ពុជា ឲ្យកាន់តែមានគុណភាព និងឈានទៅរកកម្រិតអន្តរជាតិ។

ក្រុមសេនាតេជោសន្តិភាព សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងផុសផុលពីសំណាក់ក្លឹបបាល់ទះទូទាំងប្រទេស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ត្រចះត្រចង់៕