អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ!
16-07-2026 17:13
(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីក្រុមជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ នៅចំណុចក្រោយវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីតាមស្វែងរកក្រុមជនសង្ស័យយកមកដល់ទៀតទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង ១៧ : ០០នាទី ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១ ឈ្មោះ កូយ សំណាង ហៅ ណាង ភេទប្រុស អាយុ៣២ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានប្រព្រឹត្តអំពើលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
