FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទួលបារាយណ៍អណ្តែត៖ ទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិ និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនៅខេត្តព្រៃវែង

16-07-2026 17:12

(ព្រៃវែង)៖ ទួលបារាយណ៍អណ្តែត គឺជាទីកន្លែងគោរពសក្ការៈដ៏មានបារមីស័ក្តិសិទ្ធិមួយកន្លែង ដែលទទួលបានការគោរពបូជាយ៉ាងខ្ជាប់ខ្ជួនពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាបណ្តាខេត្តផ្សេងៗទៀត។ ទីទួលនេះមិនត្រឹមតែជាកន្លែងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីគយគន់។

លោក សរ សុផៃ អនុប្រធានការិយាល័យសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង បានលើកឡើងថា ប្រវត្តិទួលបារាយណ៍អណ្តែតមានទាំងការស្រាវជ្រាវ និងការនិទានតៗគ្នាពីអ្នកស្រុក។
ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ តែងតែអញ្ជើញមកទីនេះដើម្បីបន់ស្រន់តាមបំណងប្រាថ្នារៀងៗខ្លួន ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ។ ភាពស័ក្តិសិទ្ធិនេះបានទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យមកទស្សនា និងគោរពបូជាជារៀងរាល់ឆ្នាំ។

លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានបញ្ជាក់ថា ទួលបារាយណ៍អណ្តែតមានទំហំផ្ទៃដីសរុប ៩,៩៥ ហិកតា ហើយត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិតាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៣ មកម្ល៉េះ។

ក្រៅពីតម្លៃខាងជំនឿ និងផ្លូវចិត្ត ទួលបារាយណ៍អណ្តែតក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ លំអានទំនៀមទម្លាប់ និងរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍បែបជំនឿ សាសនានៅក្នុងខេត្តព្រៃវែងផងដែរ។ ការបន្តថែរក្សា និងគោរពបូជាទីទួលស័ក្តិសិទ្ធិនេះ ឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីភាព និងការរក្សាបាននូវកេរ្តិ៍ដំណែលដូនតាយ៉ាងខ្ជាប់ខ្ជួនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕