អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ រួមគ្នាដាំឈើ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន
16-07-2026 17:08
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសកម្មភាពដាំដើមឈើ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងមូលដ្ឋាន។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីយុទ្ធនាការដាំកូនឈើនៅលើផ្លូវចូលទៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
លោកអភិបាលស្រុកបានបញ្ជាក់ថា គោលបំណងនៃការដាំដើមឈើនេះ គឺដើម្បីបណ្តុះគំនិតស្រឡាញ់ធម្មជាតិ ការថែរក្សាការពារបរិស្ថានរស់នៅ និងការប្តេជ្ញាចិត្តលើការងារអភិវឌ្ឍបៃតង ព្រោះដើមឈើគឺជាប្រភពជីវិត និងជាខែលការពារធម្មជាតិដ៏មានតម្លៃ។ លោកបានបន្ថែមថា ការដាំដើមឈើប្រណិតៗដូចជា គ្រញូង ធ្នង់ បេង និងនាងនួន ជាដើម មិនត្រឹមតែជួយដល់កិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្សល់ទុកនូវកេរមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
លោក សាយ គឹមឡម បានលើកឡើងថា «ការដាំកូនឈើមួយដើម គឺស្មើនឹងការបង្កើតសួតធម្មជាតិមួយសម្រាប់សហគមន៍របស់យើង ហេតុនេះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនទាំងអស់ ចូលរួមដាំដើមឈើនៅតាមគេហដ្ឋាន តាមសាលារៀន និងទីសាធារណៈឱ្យបានគ្រប់ៗគ្នា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការរួមគ្នាថែរក្សា ការពារកូនឈើទាំងនោះឱ្យលូតលាស់ធំធាត់ល្អ»។
ក្នុងឱកាសនោះ មន្ត្រីរាជការ កងកម្លាំង លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានចូលរួមដាំកូនឈើប្រភេទធ្នង់ចំនួន ៩០ដើម ដោយទឹកចិត្តរីករាយ និងសកម្មភាពយ៉ាងសស្រាក់សស្រាំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងបរិស្ថានសិក្សា និងរស់នៅប្រកបដោយភាពបៃតង និងមិត្តភាព៕


















