FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

16-07-2026 17:05

(ស្វាយរៀង)៖ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ បានធ្វើការបង្រ្កាបទីតាំង ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅវីឡា ១កន្លែង ជាកម្មសិទ្ធិរបស់លោក កែវ ផល្លាសម្បូរណ៍ ស្ថិតនៅផ្លូវកំពង់ស្ពាន ក្នុងភូមិតាបឹប សង្កាត់បាវិតឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមនិងចិនចំនួន ៣៣ នាក់។

ក្នុងកិច្ចប្រតិបត្តិការនេះរួមមានប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត លោក នាយករងរដ្ឋបាលក្រុងបាវិត លោកមេភូមិតាបឹប កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថក្រុង។

ជាលទ្ធផល ក្រុមការងារបានរកឃើញ និងឃាត់ខ្លួនមនុស្សសរុបចំនួន ៣៣ នាក់ (ស្រី ៣ នាក់) មាន ២សញ្ជាតិរួមមាន ជនជាតិ វៀតណាម ៣១នាក់ (ស្រី ៣ នាក់) ជនជាតិ ចិន ២នាក់ (ប្រុស) វត្ថុតាងសរុបរួមមាន ទូរស័ព្ទដៃចម្រុះ កុំព្យូទ័រលើតុ លិខិតឆ្លងដែន ដុំwifi ស៊ីមកាត ក្រាមពណ៌សថ្លា អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម កាតធនាគារ រថយន្ត ប័ណ្ណបើកបរ និងសម្ភារៈមួយចំនួន។

ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀង ដើម្បីបន្តនីតិវីធី ហើយទីតាំងខាងលើ ក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន៕