FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកសូទ្រនិគម និងព្រះសង្ឃ រួមជាមួយពុទ្ធបរិស័ទ នាំយកអំណោយជូនដល់កងទ័ពជួរមុខ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ

16-07-2026 17:04

(សៀមរាប)៖ ព្រះតេជគុណ លន់ សំប៊ី ព្រះសុមហ៍អនុគណស្រុកសូទ្រនិគម ចៅអធិការវត្តមុនធ្យាន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ រួមជាមួយថវិកា ដែលបានមកពីរដ្ឋបាលស្រុកសូទ្រនិគម និងពុទ្ធបរិស័ទ ទៅជូនដល់កងទ័ពនៅជួរមុខ ដែលឈរជើងការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ព្រះតេជគុណ លន់ សំប៊ី មានសង្ឃដីកាថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ធ្វើឡើងក្រោមទឹកចិត្ត «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដើម្បីជួយសម្រាលការលំបាក និងជាការដឹងគុណចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ហាលខ្យល់ហាលភ្លៀង យាមល្បាតការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។

ព្រះតេជគុណ មានសង្ឃដីកាបន្តថា ទោះបីព្រះសង្ឃគង់នៅវត្តអារាមក្នុងសមរភូមិក្រោយពិតមែន ប៉ុន្តែបេះដូង និងស្មារតីរបស់ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទ គឺតែងតែនៅជាប់ជាមួយបងប្អូនកងទ័ពជួរមុខជានិច្ច។ ការនាំយកទេយ្យទាន និងស្បៀងអាហារមកនាពេលនេះ គឺដើម្បីបង្ហាញថា កងទ័ពមិននៅឯកោឡើយ មាតុភូមិទាំងមូលនៅពីក្រោយខ្នងបងប្អូនជានិច្ច។

លោកស្រី ហេង ប៊ុនវុទ្ធី នាយករងរដ្ឋបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណដល់កងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ និងបង្ហាញឱ្យឃើញពីការលះបង់ កម្លាំងកាយចិត្ត និងស្មារតីរបស់វីរកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់។

លោកស្រីបន្តថា សាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកស្មារតីយ៉ាងរឹងមាំពីសំណាក់អាជ្ញាធរមូលដ្ឋាន ផ្ញើជូនទៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។

តំណាងកងទ័ពបានសម្តែងនូវសេចក្តីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាប។ ទឹកចិត្ត និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឱសថផ្លូវចិត្ត» ដ៏មានឥទ្ធិពលបំផុត ដែលធ្វើឱ្យកងទ័ពកាន់តែមានកម្លាំងចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។

ការនាំយកអំណោយនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក ខ្មែរស្រឡាញ់ខ្មែរ និងសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ ដែលមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយ៕