FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងស្រុកចំការលើ

16-07-2026 17:02

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធពិធីបើកយុទ្ធនាការដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងស្រុកចំការលើ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដាស់តឿន និងបំផុសចលនាឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខែកក្កដា គឺជាកំឡុងពេលដែលភ្លៀងធ្លាក់ជោកជាំ ដែលបង្កលក្ខណៈងាយស្រួលដល់ការកកើតសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាមយ៉ាងសកម្ម។ លោកបានគូសបញ្ជាក់ថា ជំងឺគ្រុនឈាមមិនត្រឹមតែបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចឆក់យកជីវិត ជាពិសេសកុមារតូចៗ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ បើសិនជាមានការធ្វេសប្រហែស។

លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងខែកក្កដា ឆ្នាំ២០២៦ នេះ មានករណីសង្ស័យជំងឺគ្រុនឈាមសរុប ១.៥៣០ ករណី ដែលកើនឡើង ៧២៣ករណី ស្មើនឹង៨៩,៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ករណីស្លាប់ក៏បានកើនឡើងដល់ ៤ករណី ដែលកើនឡើង ១ករណី ស្មើនឹង៣៣,៣៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ករណីស្លាប់ទាំងនេះរួមមាន ១ករណីនៅមន្ទីរពេទ្យខេត្ត និង ៣ករណីនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

ហេតុនេះ ទើបអាជ្ញាធរខេត្តសម្រេចរៀបចំកម្មវិធីបើកយុទ្ធនាការនេះឡើង ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើ និងគ្រប់ស្រុកទាំងអស់ក្នុងខេត្តកំពង់ចាម ក្នុងន័យដាស់តឿន និងបំផុសចលនាគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាចាំបាច់ក្នុងការកាត់បន្ថយហានិភ័យ និងការពារអាយុជីវិតកុមារពីជំងឺគ្រុនឈាម៕