មន្ទីរសុខាភិបាលខេត្តកោះកុង ចុះពង្រឹងការងារអប់រំ និងកម្ចាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
16-07-2026 17:01
(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះធ្វើការផ្សព្វផ្សាយអប់រំ និងអនុវត្តវិធានការជាក់ស្តែង ដើម្បីកម្ចាត់ជម្រកមូសខ្លា ក្នុងការលុបបំបាត់ជំងឺគ្រុនឈាម ដែលកំពុងមានហានិភ័យខ្ពស់។ កម្មវិធីនេះបានផ្តោតសំខាន់លើសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ នៃក្រុងខេមរភូមិន្ទ។
លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ក្រសួងសុខាភិបាល រួមទាំងមន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងមានអត្រាឆ្លងខ្ពស់ បង្កឡើងដោយមូសខ្លាញី ដែលជាហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងនោះ ក្រុមការងារបានចុះដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសនៅតាមលំនៅដ្ឋាននានា ដើម្បីកម្ចាត់មូសខ្លាដែលលាក់ខ្លួននៅតាមគន្លប់ទឹក ឬពាងទឹក។
លោកវេជ្ជបណ្ឌិតបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាត ជាពិសេសកន្លែងទឹកដក់ និងលាងសម្អាតពាងទឹកឱ្យបានទៀងទាត់។ លើសពីនេះ ការគេងក្នុងមុង និងពាក់អាវខោវែង ក៏ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការការពារខ្លួនពីការខាំរបស់មូសខ្លាញីផងដែរ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ទៅ មុឹង ក៏បានក្រើនរំលឹកដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ថា ប្រសិនបើកូនចៅមានអាការៈក្តៅខ្លួនខុសពីប្រក្រតីរយៈពេល ២ ទៅ ៣ ថ្ងៃ សូមប្រញាប់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់ ដើម្បីពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញ។ លោកបានហាមដាច់ខាតមិនឱ្យបញ្ជូនកូនចៅទៅព្យាបាលនៅគ្លីនិកឯកជនឡើយ ដើម្បីជៀសវាងហានិភ័យ និងផលវិបាកជាយថាហេតុ៕











