រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែននៅខេត្តរតនគិរី
16-07-2026 16:58
(រតនគិរី)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងយុវជនយ៉ាងច្រើនកុះករ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីស្ថានភាព និងវឌ្ឍនភាពនៃកិច្ចការព្រំដែន ព្រមទាំងផ្តល់ឱកាស ដល់អ្នកចូលរួមក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរួមថែរក្សា និងការពារបូរណភាពទឹកដី។
តាមរយៈការបាឋកថា និងការចែករំលែកបទពិសោធន៍ពីលោករដ្ឋមន្ត្រី សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍សម្រាប់អនុវត្ត និងផ្សព្វផ្សាយបន្ត ប្រកបដោយប្រសិទ្ធភាព សំដៅទប់ស្កាត់ការយកបញ្ហាព្រំដែនធ្វើជាប្រធានបទនយោបាយដោយគ្មានមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ឡាំ ជា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការរំលឹកប្រវត្តិសាស្ត្រខ្មែរពាក់ព័ន្ធនឹងការវិវត្តទឹកដី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកជាមួយប្រទេសជិតខាង និងយុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចការព្រំដែនគឺជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
















