ក្រុមបាល់ទាត់ FCA នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់សារព័ត៌មាន AMS នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដាស្អែកនេះ !
16-07-2026 17:04
(ភ្នំពេញ)៖ ដោយមានការគាំទ្រពីភេសជ្ជៈ Pocari Sweat ក្រុមបាល់ទាត់ FCA ដែលដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI នឹងត្រូវជួបប្រកួតមិត្តភាពតតាំងគ្នាលើវាលស្មៅ ជាមួយក្រុមបាល់ទាត់របស់ក្រុមបាល់ទាត់សារព័ត៌មាន AMS ដែលដឹកនាំដោយលោក លោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) នៅតារាងបាល់ទាត់ឃីងស្ពត នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព និងសុខភាព។
នេះជាការប្រកួតមិត្តភាពលើកដំបូង រវាងក្រុមទាំងពីរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងបង្កើនមិត្តភាពរវាងបុគ្គលិក និងបុគ្គលិកនៃស្ថាប័នព័ត៌មានទាំងពីរអង្គភាព បន្ទាប់ពីគ្រប់គ្នាហត់នឿយជាមួយការងារ។ ទោះបីត្រូវតតាំងគ្នាលើវាលស្មៅក្តី តែថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ មិនផ្តោតលើលទ្ធផលនោះទេ អ្វីដែលសំខាន់បំផុត គឺមិត្តភាព និងសុខភាពប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងគោលបំណងជួយឱ្យបុគ្គលិក មានសុខភាពល្អ រហ័សរហួន ពង្រឹងសាមគ្គីភាព មិត្តភាព លោក លឹម ជាវុត្ថា បានបង្កើតឱ្យក្រុមបាល់ទាត់ប្រចាំអង្គភាពនេះឡើង ដើម្បីប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុងផង និងប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗផង។
លោកអគ្គនាយកជាប្រចាំតែងតែណែនាំ អូសទាញឱ្យបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានសុខភាពមិនសូវល្អ និងមានជំងឺ នាំគ្នាលេងកីឡា ឬហាត់ប្រាណឱ្យបានគ្រប់គ្នា ដើម្បីសុខភាព ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ៕
