FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរព័ត៌មានខេត្តបាត់ដំបង បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ នេត យ៉ង់

16-07-2026 16:56

(បាត់ដំបង)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ នេត យ៉ង់ ក្រុងបាត់ដំបង ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។

យុទ្ធនាការនេះមានគោលបំណងសំខាន់ក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងបង្កើនជំនាញផ្ទៀងផ្ទាត់ព័ត៌មានក្នុងសម័យឌីជីថល។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារយុវវ័យកម្ពុជាពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានសម្តែងការកោតសរសើរចំពោះយុទ្ធនាការនេះ ដែលបានផ្តោតលើសិស្សានុសិស្ស ដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ លោកបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលយុវជនឱ្យចេះគិត វិភាគ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក ទេព ហន អភិបាលរងខេត្ត បានបង្ហាញការគាំទ្រពេញទំហឹង និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបង្កើតវប្បធម៌ថ្មីមួយ គឺ «មុននឹងជឿត្រូវគិត មុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ» ដើម្បីកសាងលំហព័ត៌មានមួយដែលពោរពេញដោយព័ត៌មានពិត គុណភាព សុវត្ថិភាព និងទំនុកចិត្ត។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ៕